(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចាត់ទុកបញ្ហារបស់ប្រជាពលរដ្ឋ គឺជាកង្វល់របស់ថ្នាក់ដឹកនាំ ក្នុងការឆ្លុះបញ្ចាំង និងស្វែងរកដំណោះស្រាយ។

ក្នុងសកម្មភាពចុះស្វែងយល់ពីសុខទុក្ខពលរដ្ឋ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកស្រី ឃួន ឃុនឌី បានកោតសរសើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើន លើគ្រប់វិស័យរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បានល្អប្រសើឆ្ពោះទៅ។

លោកស្រីបានបន្តថា អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវមានភាពក្លាហាន ហ៊ាននិយាយដោយស្មោះត្រង់ អំពីតម្រូវការចង់បាន ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីឲ្យថ្នាក់ដឹកនាំដែលបានចូលរួម មានវិធានការដោះស្រាយជូន ហើយការលើកឡើងអំពីបញ្ហាផ្សេងៗ គឺមិនមានការចាស់ទោសអូសដំណើរនោះទេ តែផ្ទុយទៅវិញ គឺបានឆ្លុះបញ្ចាំង និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

លោកស្រីជំរុញឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តដោះស្រាយនូវបញ្ហាប្រឈម និងថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ត្រូវយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងជំរុញខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋ ដោយមិនមានការរើសអើង។

លោកស្រី ឃួន ឃុនឌី ណែនាំអាជ្ញាធរនៅមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយ និងពន្យល់ជូនប្រជាពលរដ្ឋ ឲ្យមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ហើយត្រូវបន្តចូលរួមគាំទ្ររាល់ការអភិវឌ្ឍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាគិត រួមគ្នារួមគ្នាធ្វើ រួមគ្នាដោះស្រាយ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើន និងការរស់នៅប្រកបដោយសុខដុមរមនាទាំងអស់គ្នា៕