(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកោះសូទិន បានដឹកនាំសកម្មភាពចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំកោះសូទិន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។
ការពិនិត្យព្យាបាលជំងឺជូនពលរដ្ឋនេះ ធ្វើឡើងក្រោមការចាត់តាំងរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម និងក្រោមកិច្ចសហការរបស់ក្រុមការងារ និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.គ.ស.ស.យ.ក) គ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សរុបចំនួន២៧០នាក់ ដឹកនាំដោយលោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅឃុំកោះសូទិនដោយឥតគិតថ្លៃសរុបបានចំនួន៤៥៦៨អង្គ/នាក់ នៅក្នុងបរិវេណវិទ្យាល័យកោះសូទិន។
ក្នុងកម្មវិធី លោក ហែម សុវត្ថិ បានថ្លែងថា ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សុទ្ធសឹងតែជាវេជ្ជបណ្ឌិតជំនាញ ភាគច្រើនបានបញ្ចប់ការសិក្សានៅក្រៅប្រទេស និងមានបទពិសោធន៍ជាច្រើនឆ្នាំ នៅតាមមន្ទីរពេទ្យធំៗនារាជធានីភ្នំពេញ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលនេះ គឺជាស្មារតីមនុស្សធម៌ ស្តែងចេញពី សេចក្តីស្រឡាញ់ ដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការគិតគូរ និងយកចិត្តទុកដាក់ពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។
លោកបានបន្ថែមថា នឹងខិតខំព្យាយាមបង្កើតកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃឱ្យបានយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ព្រមទាំងបានលើកឡើងពីផលប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោ និងរំលឹកប្រជាពលរដ្ឋស្វែងយល់ឱ្យច្បាស់ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដោយបានបញ្ជាក់ថា «សូមបងប្អូនកុំចាញ់បោកការញុះញង់ អូសទាញរបស់ពួកបំពុលសង្គម ដែលអាចនាំទៅរកបដិវត្តពណ៌ បំផ្លាញនូវសន្តិភាព ពួកបំពុលសង្គមនោះ គឺតែងតែធ្វើសត្រូវជាមួយសន្តិភាព ចំណែកពួកយើង ដែលជាប្រជាជនទូទៅ តែងតែជួយថែរក្សា និងការពារសន្តិភាពឱ្យខានតែបាន»។
លោក អ៊ុន ចាន់ដា បានថ្លែងថា ការចុះពិនិត្យ និងព្យាបាលជំងឺនាពេលនេះ គឺដើម្បីលើកម្ពស់កម្រិតសុខភាពជូនប្រពលរដ្ឋ ដែលជាផ្នែកមួយបានចូលរួមចំណែកកាត់បន្ថយ ភាពក្រីក្រ ពីព្រោះថាបើយើងមានជំងឺឈឺស្កាត់ យើងត្រូវទៅកាន់ពេទ្យឯកជន និងត្រូវការចំណាយបង់ប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែកម្មវិធីនាថ្ងៃនេះ គឺពុំមានការបង់ថ្លៃសេវាព្យាបាលឡើយ។
លោកបានលើកឡើងដែរថា ស្របពេលប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើន បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូនិងលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ យ៉ាងណាមិញ ទន្ទឹមនឹងការកសាងសមិទ្ធផល នៃផ្នែកហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ផងដែរអំពីសុខភាពរបស់ប្រជាពលរដ្ឋទូទៅ ពីព្រោះថា ដើម្បីជីវិតរស់នៅបានយឺនយូរចាំបាច់ណាស់ មនុស្សម្នាក់ៗ ត្រូវតែមានសុខភាពទាំងផ្លូវកាយ និងសុខភាពទាំងផ្លូវចិត្ត។
ទន្ទឹមនេះដែរ លោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានបញ្ជាក់ជូនប្រជាពលរដ្ឋក្នុងឱកាសនេះថា សេវាពិនិត្យជំងឺដែលផ្តល់ជូនរួមមានជំងឺទូទៅ ជំងឺកុមារ ជំងឺមនុស្សចាស់ជំងឺសសៃរឈាម និងបេះដូង ជំងឺសន្លាក់ និងវះកាត់តូច ជំងឺភ្នែក ជំងឺច្រមុះ ត្រចៀក បំពង់ក ជំងឺមាត់ធ្មេញ ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺតម្រងនោម រោគស្ត្រី និងពិនិត្យផ្ទៃពោះ អេកូសាស្ត្រ មន្ទីរពិសោធន៍ចល័ត និងអប់រំសុខភាពសាធារណ:ដល់ប្រជាពលរដ្ឋផងដែរ៕