(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានប្រកាសបញ្ចូលសមាជិកថ្មីបន្ថែមចំនួន ១,០០៥នាក់ទៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

មានប្រសាសន៍ក្នុងពិធីនោះ លោកជំទាវបណ្ឌិត បានសម្តែងក្តីរីករាយពេលបានឃើញកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌TYDA បោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ។ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃកម្លាំងស្ម័គ្រចិត្ត TYDA ទាំងអស់ ដែលបានរួមចំណែកជាធាតុផ្សំក្នុងការបន្តនិរន្តភាពរបស់សមាគម ។

សូមបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១២ ក្រោមគំនិតផ្ដួចផ្ដើមផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយបានដឹកនាំផ្ទាល់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងគោលបំណងផ្ដល់សេវាព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា និងពណ៌សម្បុរឡើយ ។

មកទល់បច្ចុប្បន្ននេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) មានសមាជិកសរុបចំនួន ១០,២៥៥នាក់ ដោយបានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋក្រីក្របានចំនួន ៥៤១,៨៥១នាក់ ក្នុងនោះមានអ្នកជំងឺធ្ងន់ធ្ងរចំនួន ៨,០៦៦នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ហើយមានអ្នកជំងឺបេះដូងចំនួន ៧២នាក់ ទទួលបានការវះកាត់ដោយជោគជ័យ១០០%។ ជាមួយគ្នានេះ អំឡុងពេលនៃវិបត្តិរងការរាតត្បាតនៃជំងឺកូវីត-១៩ សមាគម TYDA បានចុះយកសំណាកអ្នកពាក់ព័ន្ធសរុបចំនួន ៧៤៩,០១៨ ករណី ព្យាបាលអ្នកជំងឺកូវីដ-១៩បានចំនួន ២៥,៨៤២នាក់ និងចូលរួមចាក់វ៉ាក់សាំងកូវីត-១៩បានចំនួន ៣៧៩,០៩២នាក់៕