(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបំបែកសំណុំរឿងឃាតកម្មនៅក្រុងបាវិត ដោយបានឃាត់ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសជនជាតិចិនម្នាក់ តែជនដៃដល់ និងជាមេគំនិត សមត្ថកិច្ចកំពុងតាមចាប់ខ្លួនដើម្បី ផ្ដន្ទាទោសទៅតាមច្បាប់។
សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ថា ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ។ ចំណែកជនសង្ស័យដែលពាក់ព័ន្ធរួមមាន៖
*ទី១៖ ឈ្មោះ រស់ វ៉ាន់សី
*ទី២៖ ឈ្មោះ ម៉ន អូន
*ទី៣៖ ឈ្មោះ ឈឿន យ៉េត
*ទី៤៖ ឈ្មោះ ហ៊ាន ប្រលឹង
*ទី៥៖ ឈ្មោះ ម៉ុង ជីភាត់ (ជនជាតិភូមា)។ ពួកគេត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត។
របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង៧៖៤៥នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីរដ្ឋបាលក្រុមហ៊ុនកាស៊ីណូហ្គោដឡាក់២ថា នៅអគារស្នាក់នៅរបស់ក្រុមហ៊ុន ក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត មានបុគ្គលិកដែលស្នាក់នៅមានអាការៈមិនស្រួលខ្លួន ហើយក្រុមហ៊ុនបានយករថយន្តរបស់ក្រុមហ៊ុន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែពេលដឹកចេញពីអគារស្នាក់នៅ ជនរងគ្រោះបានស្លាប់។ បន្ទាប់មករថយន្តរបស់ ក្រុមហ៊ុន ក៏បានដឹកសព មកតម្កល់ទុកនៅក្នុងបរិវេណវត្តពោធិ៍ថ្មី ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត។
ក្រោយពីទទួលបានព័ត៌មានភ្លាម, សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងចងខ្សែហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុ ដើម្បីរង់ចាំសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ មកពិនិត្យធ្វើកោសល្យវិច័យ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើរួចមក នៅវេលាម៉ោង ១០៖៤០នាទី លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានប្រគល់ភារកិច្ចជូនលោក គឹម ឡៃ ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាវិត និងលោកវេជ្ជបណ្ឌិត ធី សុភ័ក្ត្រា សមាជិកគណៈកម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ចុះមកពិនិត្យ និងស្រាវជ្រាវ។
សមត្ថកិច្ចបានបន្តថា សាកសពជនរងគ្រោះ ត្រូវបានគេដាក់ឱ្យអង្គុយលើកៅអីខាងក្រោយក្នុងរថយន្តម៉ាកលុចស្ស៊ីស RX350 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BR-3503 ពាក់អាវយឺតដៃខ្លីពណ៌ស ស្លៀកខោចង្កេះរឹតមានខ្សែចងជើងខ្លី ដៃទាំងពីរដាក់លើពូកកៅអីរថយន្ដ ជើងស្ដាំបោះចូលក្រោមកៅអីខាងមុខផ្នែកខាងស្ដាំ ជើងឆ្វេងបត់ចុះក្រោមស្របនឹងកៅអីរថយន្ដ ក្នុងបរិវេណវត្តពោធិ៍ថ្មី (ហៅវត្តបាវិត) ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ចំពោះជនដៃដល់ក្នុងរឿងនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់៕