(ពោធិ៍សាត់)៖ បន្ទាប់ពីបញ្ចប់បេសកកម្ម នៅឃុំបាក់ចិញ្ចៀន ឃុំព្រងិល ឃុំសំរោង និងឃុំសន្ទ្រែ នៃស្រុកភ្នំក្រវាញ នោះរួចមក, នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះមូលដ្ឋានស្រុកភ្នំក្រវាញ ដឹកនាំដោយលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំក្រវាញ បានបន្តបេសកកម្មចុះពិនិត្យ និងព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងឃុំរកាត បានជាង២រយនាក់។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវត្តព្រៃខ្លុង ឃុំរកាត ដោយបានការចូលរួមពី លោក ហេង សុភាណា អភិបាលរងខេត្ត លោក លោកស្រីជាក្រុុមការងារ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំក្រវាញ បានថ្លែងឱ្យដឹងថា ការចុះពិនិត្យ និងព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងឃុំរកាត នាឱកាសនេះ គឺជាសកម្មភាពមនុស្សធម៌មួយ ដែលក្រុមការងារចុះជួយស្រុកភ្នំក្រវាញ តែងតែធ្វើឡើងជាញឹកញាប់ បន្ទាប់ពីកិច្ចការងារអភិវឌ្ឍន៍នៅមូលដ្ឋាន។

លោកបានបន្ថែមថា ការពិនិត្យ និងព្យាបាលជំងឺបឋមនេះដែរ ក៏ដើម្បីផ្តល់ការយកចិត្តទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ ដោយមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា និងនិន្នាការនយោបាយឡើយ។

ជាក់ស្តែង នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះមូលដ្ឋានស្រុកភ្នំក្រវាញ ដោយបានកិច្ចសហការជាមួយក្រុមគ្រូពេទ្យខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមយុវជន បានបន្តបេសកកម្មមនុស្សធម៌នេះ នៅបរិវេណវត្តព្រៃខ្លុង ឃុំរកាត ដែលជាឃុំទី៥ និងគ្រោងទៅបញ្ចប់នៅឃុំលាចបន្ថែមទៀត។

លោក យឹម វិសិដ្ឋ បានបន្ថែមថា ប្រសិនបើក្រុមការងារពិនិត្យឃើញថា ស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរ ទាមទារត្រូវវះកាត់ ឬត្រូវសម្រាកព្យាបាលនោះ ក្រុមការងារនឹងបញ្ជូនពួកគាត់បន្ត តាមការចាំបាច់ ដោយជួយសម្រាលបន្ទុកសេវាចំណាយ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ សម្រាប់សកម្មភាពមនុស្សធម៌នេះដែរ ក៏ជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខមាលភាព របស់ប្រជាពលរដ្ឋផងដែរ៕