(កំពង់ចាម)៖ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន និងភ្នាក់ងារគណបក្សភ្លើងទៀន ចំនួន១១រូប បានប្រកាសចាកចេញពីបក្សរបស់ខ្លួន និងសុំចូលរួមជាមួយបក្សប្រជាជនកម្ពុជា។
ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានប្រកាសគាំទ្រចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ ពួកគាត់មើលឃើញថា កិច្ចសហប្រតិបត្តិការនេះ ជាកិច្ចសហប្រតិបត្តិការណ៍មួយដ៏ល្អសម្រាប់ ការអភិវឌ្ឍជាតិ ហើយគ្មានការគំរាមកំហែងសម្រាប់បូរណភាពទឹក ឬអធិបតេយ្យជាតិនោះឡើយ។ អតីតក្បាលម៉ាស៊ីនបក្សប្រឆាំងនៅមូលដ្ឋាន ក៏បានប្រកាសគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ចាត់ រាល់ចលនាទាំងឡាយ ដែលនាំមកនូវភាពវឹកវរក្នុងសង្គមតាមរយៈការញុះញង់របស់ក្រុមជនក្បត់ជាតិផងដែរ។
ជាក់ស្តែងបេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឃុំខ្ពបតាងួន ចំនួន៧រូប និងភ្នាក់ងារគណបក្សភ្លើងទៀន ខេត្តកំពង់ចាម ចំនួន៤រូប សរុប១១រូប បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាព នយោបាយបម្រើអស់ ជាច្រើនឆ្នាំមកហើយ។
ពេលនេះពួកគេ បានមើលឃើញច្បាស់ ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពី របប ប្រល័យ ពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមក្រុម ប្រឆាំងជ្រុលនិយមបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយ ច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្ត របស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខ សន្តិ ភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅ ប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេស មិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។
ពួកគេ ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយ បក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕