(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមការងារក្រុងស្វាយរៀង ក្រុមការងារសង្កាត់ស្វាយរៀង ចុះពិនិត្យផ្ទាល់អំពីស្ថានភាពលូបង្ហូរទឹកនៅអមសងខាងផ្លូវនានាក្នុងក្រុងស្វាយរៀង ដើម្បីបញ្ជៀសការកកស្ទះលូ។

នាឱកាសនោះលោក សរ សុដានី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង ឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ប៉េង ពោធិ៍សា អភិបាលខេត្ត អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង លោកបានដឹកនាំក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមការងារក្រុងស្វាយរៀង និងក្រុមការងារសង្កាត់ស្វាយរៀង ចុះពិនិត្យផ្ទាល់អំពីស្ថានភាពលូបង្ហូរទឹកនៅអមសងខាងផ្លូវនានាក្នុងក្រុង។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្រុមការងារបានពិនិត្យឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចូលរួមថែររក្សាមាត់លូបានល្អមិនមានចាក់លុបបិទ រឺមានសំរាមកកស្ទះឡើយ ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ បានចាក់សាបបេតុងលុបមាត់លូដោយដាក់បំពង់ជ័រតូចៗខុសពីស្ថានភាពដើម ដែលក្រុមការងារបច្ចេកទេសបានកសាងធ្វើឱ្យមានការកកស្ទះមិនអាចឱ្យទឹកហូរចូលលូបង្ហូរទឹកធំបាន ទាំងនេះហើយដែលជាកក្តានាំឱ្យមានការជាន់លិច ដោយសារទឹកភ្លៀងរយៈពេលយូរដែលធ្វើឱ្យប៉ះពល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកអភិបាលរងខេត្តស្វាយរៀង បានបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្តសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលបានធ្វើសំណង់ផ្សេងៗ ដែលនាំឱ្យរាំងស្ទះដល់មាត់លូបង្ហូរទឹកសូមមេត្តាចូលរួមជាមួយ ក្រុមការងាររុះរើឱ្យបានគ្រប់ៗគ្នាមុនពេលដែលក្រុមការងារចុះអនុវត្តវិធានការរដ្ឋបាល។

លោកបានលើកឡើងថា «សូមចាប់ផ្តើមពីខ្លួនយើង ដើម្បីជាគំរូល្អ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»