(ភ្នំពេញ)៖ ព្រះសង្ឃ ប្រជាពលរដ្ឋ យុវជន ចំនួន២០០នាក់ បានចេញដំណើរពីភ្នំពេញ ហើយនៅម៉ោង៤ទាបភ្លឺ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ឆ្ពោះទៅកាន់ខេត្តភូមិភាគឦសាន លើកទី១ ដើម្បីស្វែងយល់ពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) នៅខេត្តទិសឦសាន ដែលមានខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំងមកជាង ៧០០គីឡូម៉ែត្រ។ ក្រុមទី១ ក្នុងវគ្គទី១នេះ នឹងបញ្ចប់ដំណើរទស្សនកិច្ចនៅម៉ោង៤រសៀលហើយត្រឡប់មកវិញកាន់រាជធានីភ្នំពេញវិញ។
ដោយឡែកសម្រាប់ជើងទី២ នឹងធ្វើឡើងនៅសប្តាហ៍បន្ទាប់ដោយឆ្ពោះទៅកាន់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី មានរយៈពេល២ថ្ងៃ ដែលមានចម្ងាយផ្លូវ ១,១១៣គីឡូម៉ែត្រ និងជើងទី៣ នឹងធ្វើឡើងនៅសប្តាហ៍បន្ទាប់ដោយឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី មានរយៈពេល២ថ្ងៃ ដែលមានចម្ងាយផ្លូវ ១,១១២គីឡូម៉ែត្រ។
នេះគឺជាដំណើរទស្សនកិច្ចក្រុមទី១ នៅក្នុងគម្រោងដែលបង្កើតឡើងដោយសម្តេចធិបតី ហ៊ុ នម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តល់ភារកិច្ចឱ្យក្រសួងព័ត៌មាន សម្របសម្រួលរៀបចំនៅរាល់ចុងសប្តាហ៍ពីដើមខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤។
សម្រាប់ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ច, លោក ស្វាយ ស៉ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយបន្ទុកចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដែលខ្ទង់ថវិកានេះ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនឡើយ។
បើតាមលោក នេត្រ ភក្រ្តា បានបញ្ជាក់ថា ការរៀបចំដំណើរទស្សនកិច្ច នៅទិសឦសាន ដើម្បីលុបមន្ទិលសង្ស័យដល់ប្រជាពលរដ្ឋ បានមើលឃើញជាក់ស្តែងនៃការបោះបង្គោលព្រំដែនចៀសវាងជឿលើការអុជអាលពីមជ្ឈដ្ឋានជ្រុលនិយម។
«គោលដៅ នៃ ដំណើរទស្សនកិច្ចទិសឦសាន គឺដើម្បី ផ្តល់ឱកាសជូនសាធារណជនបានឃើញ និងស្វែងយល់ពីស្ថានភាពជាក់ស្ដែង នៃបណ្តាខេត្តជាប់នឹងព្រំដែនជាមួយប្រទេសវៀតណាម និងឡាវ និងស្វែងយល់ឱ្យបានស៊ីជម្រៅ ពីបច្ចេកទេសកិច្ចការព្រំដែន និងកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍ និងការពារ អធិបតេយ្យភាពជាតិកម្ពុជា និងបូរណភាពដែនដី លុបបំបាត់ការយល់ខុសលើកិច្ចការព្រំដែនពីសំណាក់សាធារណជនមួយចំនួនតូច»។
លោក នេត្រ ភក្ត្រា បានថ្លែងថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃ ដោយដំណើរកម្សាន្តនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។
បើតាមលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ដំណើរទស្សនកិច្ចជើងដំបូងរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា បានធ្វើដំណើរចេញពីរាជធានីភ្នំពេញ ពោរពេញដោយក្តីសប្បាយរីករាយ និងក្រោយស្រស់ស្រូបអាហារពេលព្រឹករួចដំណើរទស្សនកិច្ចពលរដ្ឋបានអញ្ជើញទៅដល់ទីតាំងទី១គឺ៖ ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រនេះ ក៏ដូចជាស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើននិងជាបន្តបន្ទាប់។
ទាំងនេះគឺដោយសារកម្ពុជាមានសន្តិភាពពេញលេញ និងការអភិវឌ្ឍឥតឈប់ឈរទាំងនៅកម្រិតជាតិនិងកម្រិតសហគមន៍មូលដ្ឋាន ជាពិសេសគឺការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដែលរាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងអាណត្តិមុនៗ និងក្នុងអាណត្តិទី៧នេះ បានយកចិត្តទុកដាក់ជាអាទិភាពខ្ពស់បំផុត ដើម្បីធានាឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
លោកបានបន្តថា ក្រោយពីបានចុះពិនិត្យ និងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតដូចដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរីជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងត្រលប់មកកាន់រាជធានីភ្នំពេញវិញនាល្ងាចនៃសៅរ៍ដដែលនេះ។
សូមរំលឹកថា ទស្សនកិច្ចប្រភេទនេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ហើយៗបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានសម្រាប់ការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋទៅកាន់បណ្តោយព្រំដែន ក៏មានការចូលរួមផ្គត់ផ្គង់កញ្ចប់អាហារពីសំណាក់លោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលជាអ្នកផ្គត់ផ្គង់អាហារក្នុងពិធីធំៗក្នុងប្រទេសកម្ពុជា ដោយបានផ្គត់ផ្គង់កញ្ចប់អាហារពេលព្រឹកជាង ៣០០កញ្ចប់ ក្នុងមួយលើកៗ រហូតដល់ចប់ដំណើរទស្សនកិច្ច៕