(កំពង់ធំ)៖ នៅក្នុងជំជួបសំណេះសំណាលមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា មន្ទីរបរិស្ថានខេត្ត បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យខេត្តមានបរិស្ថានល្អ ប្រកបដោយភាព បៃតង ស្រស់បំព្រង។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថានទាំងអស់ ដែលបានបម្រើជាតិមាតុភូមិ ដែលរយៈពេលកន្លងមកនេះកម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើន ជាពិសេសការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺ ស្អាត បៃតង និងចីរភាព និងបានណែនាំដល់មន្ត្រីទាំងអស់ត្រូវបន្តសាមគ្គីភាពរចនាសម្ព័ន្ធផ្ទៃក្នុងឱ្យបានរឹងមាំ ពង្រឹងការងារស្នូលឱ្យបានខ្លាំងមានការប្រាស័យទំនាក់ទំនងឱ្យបានល្អជាមួយមន្ទីរអង្គភាព និងស្ថាប័ននានាជុំវិញខេត្ត។

លោកបានបញ្ជាក់ថា ការងារបរិស្ថានជាកិច្ចការដែលពិភពលោកបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងហើយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយរិះរកវិធានការ និងដំណោះស្រាយឱ្យបានសមស្របដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពនៃភពផែនដី។

លោក នួន ផារ័ត្ន បានជំរុញបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាពទាំងផ្ទាំងផ្សព្វផ្សាយតាមដងផ្លូវ ស្ពតអប់រំខ្លីៗចាក់ផ្សាយតាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គមនានា ពិសេសកម្មវិធីចុះសម្អាតអនាម័យតាមដងផ្លូវ និងគ្រប់ទីកន្លែង ដើម្បីជាសារបញ្ជ្រាបឱ្យដល់ពលរដ្ឋគ្រប់ទីតំបន់ គ្រប់ស្រទាប់មហាជន ពិសេសបន្តបង្កើនការងារការដាំដើមឈើ និងដើមផ្កាលំអបរិស្ថានឱ្យស្រស់បំព្រង និងរួមគ្នាទប់ស្កាត់ការពារធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។

តាមការបញ្ជាក់ពីលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានគូសបញ្ជាក់ថា បញ្ហាប្រឈមវិស័យបរិស្ថាននៅក្នុងខេត្តកំពង់ធំរួមមាន៖ ពុំទាន់មានការកំណត់បែងចែកតំបន់ និងការបោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋនៅតាម តំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្ត  ប្រជាពលរដ្ឋមួយចំនួនធំដែលរស់នៅក្បែរនិងក្នុងតំបន់ការពារធម្មជាតិអត់មានដីអាស្រ័យផលដោយសារពួកគាត់ទាំងនោះលក់ឱ្យក្រុមហ៊ុននិងឈ្មួញមួយចំនួន និងមួយចំនួនទៀតទទួលយកការដោះស្រាយគោលនយោបាយពីក្រុមហ៊ុនធ្វើឱ្យពួកគាត់ អត់មានដី បង្ខំចិត្តលួចចូលទៅកាប់ឆ្ការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធនៅក្នុងតំបន់ការពារ និងសហគមន៍តំបន់ការពារធម្មជាតិជនល្មើសប្រើប្រាស់អាវុធកែច្នៃតបតជាមួយមន្ត្រីឧទ្យានុរក្ស កែនគ្នាមករំដោះយកវត្ថុ តាង និងជនល្មើសយកទៅវិញ។

ការចូលរួមរបស់អាជ្ញាធរភូមិ ឃុំ ស្រុក ក្នុងការងារអភិរក្សធនធានធម្មជាតិនៅមានកម្រិត ជនបង្កបទល្មើសប្រើប្រាស់អាវុធកែច្នៃ លួចបរបាញ់សត្វ និងដាក់អន្ទាក់ចាប់សត្វច្រើន ធ្វើសកម្មភាពនៅពេលយប់ ប្រជាពលរដ្ឋដែលរស់នៅក្បែរ និងតំបន់ការពារធម្មជាតិពឹងអាស្រ័យផលលើធនធានធម្មជាតិ។
នៅទីប្រជុំជនភាគច្រើនពិបាករកកន្លែងស្តុកសំណល់បណ្តោះអាសន្ន និងទីផ្សារស្រុកផ្សេងៗមួយចំនួនពុំទាន់មានទីលានចាក់សំណល់៕