(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានឱ្យដឹងថា លោក អ៊ុ សំអាន ជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារ ដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន។ ដូចនេះ រាល់ព័ត៌មានទាំងឡាយទាក់ទងនឹងបញ្ហាព្រំដែន និងបញ្ហាផ្សេងៗទៀតដែលបុគ្គលនេះនិយាយជាការភូតកុហក បំភ្លៃ បំផ្លើស បំភ័ន្តទាំងអស់។ អតីតទណ្ឌិតរូបនេះគ្មានតម្លៃក្នុងការនិយាយពីបញ្ហាជាតិទេ។

គ.ស.ព.ស. បានបញ្ជាក់ថា បុគ្គល អ៊ុំ សំអាន ក៏ធ្លាប់ទាំងបានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ នាពេលកន្លងមក ចំពោះការបង្ហោះព័ត៌មានមិនពិតរឿងព្រំដែន ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់សង្គម។

 គួរឱ្យដឹងថា លោក អ៊ុំ សំអាន ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់លើកលែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

គួរបញ្ជាក់ ថា លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។

លោក អ៊ុំ សំអាន ត្រូវបានតុលាការចេញដីកាចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ (លេខ៥៤) សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួន ពីរបទល្មើសគឺបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» (បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទ «ញុះញង់ឱ្យមានការរើសអើង» តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាមរយៈការសរសេរ និងអត្ថាធិប្បាយ ចោទប្រកាន់រាជរដ្ឋាភិបាលពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម៕