(ព្រះវិហារ)៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ ដឹកនាំអាជ្ញាធរក្រុង ស្រុក ដែលមានភូមិសាស្ត្រតាមដងស្ទឹងសែន និងកងកម្លាំងប្រដាប់អាវុធទាំង៣ ក៏ដូចជាប្រជាសហគមន៍ ធ្វើការដកហូតយកមករក្សាទុក និងមួយចំនួនទៀតបានដុតបំផ្លាញចោល ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំតាមដងស្ទឹងសែន។
លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ទទួលបន្ទុកការងារកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ, លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
ក្រោយទទួលបានបទបញ្ជា លោកបានដឹកនាំអាជ្ញាធរក្រុងព្រះវិហារ និងអាជ្ញាធរស្រុក ដែលមានភូមិសាស្ត្រតាមដងស្ទឹងសែន ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រជាសហគមន៍ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំតាមដងស្ទឹងសែន ជាលទ្ធផលបានដកហូតឧបករណ៍នេសាទខុសច្បាប់បានជាច្រើនតោន យកមករក្សាទុក និងមួយចំនួនទៀតបានដុតបំផ្លាញចោល ក៏ដូចជាបានព្រលែងកូនត្រីជាច្រើនលានក្បាលផងដែរ។
លោក អ៊ុក គឹមសាន បានអះអាងថា ក្រៅពីការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន លោកក៏បានដឹកនាំក្រុមការងារចុះអប់រំណែនាំដល់ប្រជាពលរដ្ឋចំណាកស្រុក មកពីខេត្តកំពង់ធំ ខេត្តសៀមរាប ដែលបានមកសង់កូនខ្ទមរស់នៅបែបអាណាធិបតេយ្យតាមទំនប់ស្ទឹងសែន ប្រកបរបរនេសាទខុសច្បាប់ ឲ្យពួកគាត់រុះរើខ្ទមចេញ និងត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន។
លោកបានបន្ដថា ផលលំបាកទៅថ្ងៃខាងមុខ បើយើងទាំងអស់គ្នាមិនចូលរួមក្នុងការទប់ស្កាត់បទល្មើស និងមានគម្រោងការពារតាមដងស្ទឹងសែនទេ ធនធានជលផលនឹងមានការបាត់បង់អស់។
លោកកត់សម្គាល់ថា នៅពេលដែលទំនប់អាងទឹករក្សាសាងសង់រួចនៅឆ្នាំ២០២៣ បានធ្វើឲ្យធនធានជលផលមានការកើនឡើង ប៉ុន្តែក្នុងឆ្នាំ២០២៤នេះ ដោយមានអ្នកចំណាកស្រុកមកពីតាមបណ្តាលខេត្តផ្សេងៗ មកធ្វើការនេសាទដោយខុសច្បាប់ ដោយប្រើឧបករណ៍នេសាទបំផ្លាញធនធានធម្មជាតិ ធ្វើឲ្យធនធានមច្ឆាជាតិមានការធ្លាក់ចុះ ដូច្នេះត្រូវគម្រោងថែរក្សាដងស្ទឹងសែននេះឲ្យបានល្អ៕