(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកបណ្ឌិត ឆេង គឹមឡុង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក អ៉ឹម ឆេង ដែលត្រូវជាបិតាបង្កើត។

ក្នុងសារលិខិតរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវសេចក្តីរន្ធត់ក្ដុកក្ដួល ក្រៀមក្រំក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ ឧបាសក អ៉ឹម ឆេង ដែលត្រូវជាបិតាបង្កើត បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ០៤:៤៥នាទីរសៀល ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ»

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបន្ដថា មរណភាពរបស់ឧបាសក អ៉ឹម ឆេង គឺជាការបាត់បង់រកអ្វីប្រៀបផ្ទឹមពុំបាននូវបិតាបង្កើត បិតាក្មេក ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងសង្គហធម៌ ដែលកន្លងមកបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំផ្តល់ដំបូន្មានល្អៗដល់ កូន ចៅ សាច់ញាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ ឱ្យក្លាយជាធនធានដ៏មានតម្លៃក្នុងសង្គមជាតិ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើន ក្នុងការរួមចំណែកឧបត្ថម្ភគាំទ្រក្នុងសកម្មភាព នៃការអភិវឌ្ឍជាតិមាតុភូមិ លើកស្ទួយវិស័យព្រះពុទ្ធសាសនា មនុស្សធម៌ និងសុខដុមរមនាសង្គម ឱ្យបានរីក ចម្រើនរហូតមក។

ក្នុងវេលាដ៏សែនសោកសៅ ក្រៀមក្រំ សោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណ ប្រកបដោយ ក្ដីក្ដុកក្ដួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិត ឆ្ងាយទាំងអស់ និងសូមបួងសួងដល់គុណបុណ្យតេជៈព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និង តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយប្រោះព្រំ ប្រសិទ្ធិពរជូនដួងវិញ្ញាណក្ខន្ធ ឧបាសក អឹម ឆេង សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕