(ភ្នំពេញ)៖ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ក្រុមការងារ Fresh News បានធ្វើដំណើរទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាម ក្នុងភូមិសាស្ត្រនៃទឹកដីខេត្តត្បូងឃ្មុំ។
ក្រុមការងារបានធ្វើដំណើរលើផ្លូវក្រវាត់ព្រំដែន ដោយចាប់ផ្តើមពីច្រកម៉ឺនជ័យក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាព្រំប្រទល់ជាមួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្រុមការងារបានធ្វើដំណើរលើចម្ងាយផ្លូវប្រមាណ១០០គីឡូម៉ែត្រ ចាប់ពីច្រកម៉ឺនជ័យ ត្រង់បង្គោលព្រំដែនលេខ១៣១ ហើយបានធ្វើដំណើរឆ្លងកាត់ភូមិឋានសម្តេចពញាចក្រី ហេង សំរិន រហូតទៅដល់ច្រកព្រំដែនទន្លេចាម ក្នុងភូមិក្រវៀន ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រង់បង្គោលព្រំដែនលេខ៧៨ នៅតែបន្តិចទៀត ទៅដល់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦។
ចេញពីច្រកម៉ឺនជ័យទៅ ក្រុមការងារក៏បានឆ្លងកាត់ច្រកត្រពាំងផ្លុង ហើយក៏បានឃើញពីសកម្មភាពចេញចូលរបស់ប្រជាពលរដ្ឋ ក៏ដូចជាការឆ្លងកាត់ទំនិញរវាងកម្ពុជា និងវៀតណាម ហើយឃើញមានសំណង់ជាច្រើនកំពុងសាងសង់នៅច្រកនោះ។
តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលជាប់ភូមិសាស្ត្រប្រទេសវៀតណាម ជាមួយខេត្តតាយនិញ និងខេត្តប៊ិញភឿកនេះ បច្ចុប្បន្នរាជរដ្ឋាភិបាលបានសាងសង់ផ្លូវក្រវាត់ព្រំដែនរួចរាល់ហើយ គឺអាចធ្វើដំណើរបានយ៉ាងងាយស្រួល។ នៅតាមព្រំដែនមិនស្ងប់ស្ងាត់ទេទាំងខាងកម្ពុជា និងខាងវៀតណាម ដីតំបន់នេះមិនមែនជាដីព្រៃទៀតឡើយ សុទ្ធសឹងតែជាដីស្រែ ដីចម្ការ។ ក្នុងរដូវវស្សាបែបនេះផង គឺសម្រស់ឡើងខៀវស្រងាត់តែម្តង។
តាមបណ្តោយផ្លូវក្រវាត់ព្រំដែននេះ ក្រុមការងារសង្កេតឃើញមានការបែងចែកដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន និងបានសាងសង់ផ្ទះជាច្រើនខ្នងសម្រាប់ពួកគាត់រស់នៅផងដែរ។ ជាការកត់សម្គាល់នៅតំបន់ព្រំដែនរវាងកម្ពុជា និងវៀតណាម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំនេះ មានមនុស្សរស់នៅច្រើន ជាពិសេសខាងកម្ពុជា គឺរស់នៅមិនឆ្ងាយពីព្រំដែនទេ ហើយមានវត្តអារាម ផ្ទះសម្បែងកៀកៗនឹងព្រំដែនតែម្តង។
តាមតំបន់ព្រំដែននេះ ក្រៅពីធ្វើស្រែចម្ការ មានប្រជាពលរដ្ឋខ្មែរយើងចិញ្ចឹមគោក្របីច្រើនផងដែរ ពេលខ្ញុំធ្វើដំណើរឃើញប្រជាពលរដ្ឋខ្មែរ គាត់ឃ្វាលគោក្របីនៅតាមដីព្រំដែននោះជាហូរហែមិនស្ងាត់នោះឡើយ។ កន្លែងខ្លះក៏ឃើញពលរដ្ឋខ្មែរទៅរកត្រី និងអង្គុយកម្សាន្តតាមបង្គោលព្រំដែន។ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំនេះ សង្កេតឃើញថា មានបោះបង្គោលព្រំដែនច្រើនមានទាំងប្រភេទបង្គោលមេ បង្គោលបំពេញបន្ថែម និងបង្គោលតម្រុយ។
ពេលបានជិះតាមក្រវាត់ព្រំដែន ឃើញទិដ្ឋភាពស្រុកស្រែ ក៏ជាអារម្មណ៍មួយមានក្តីសុខ និងប្លែកអារម្មណ៍មួយផងដែរ។ ទីមួយបានផ្សារភ្ជាប់អារម្មណ៍ជាមួយអនុស្សាវរីយ៍ពេលនៅធ្វើស្រែចម្ការកាលពីកុមារភាព មួយវិញទៀត គឺបានមើលឃើញទឹកដីយើងនៅតាមព្រំដែន ធ្វើឱ្យយើងជ្រាបកាន់តែច្បាស់ពីសភាពទឹកដីរបស់យើង។ បងប្អូនប្រជាពលរដ្ឋខ្មែរ បើមានពេលគួរតែសាកល្បងជិះតាមព្រំដែន ធានាថាបងប្អូននឹងទទួលបានអារម្មណ៍មួយប្លែក៕