(ភ្នំពេញ)៖ ក្រុមការងារអាជ្ញាធរទន្លេសាប បានបន្តចុះប្រមូលព័ត៌មានពីប្រជាពលរដ្ឋ ក៏ដូចជាផ្សព្វផ្សាយបន្ថែមពីសារប្រយោជន៍នៃធនធានធម្មជាតិបឹងទន្លេសាប បំផុសស្មារតីស្រឡាញ់ ការពារ អភិរក្សធនធានធម្មជាតិនៅបឹងទន្លេសាប ទៅកាន់ប្រជាពលរដ្ឋនៅតាមខេត្តគោលដៅចំនួន៤ ដូចជា ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប។

សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអាជ្ញាធរទន្លេសាបក៏បានចុះប្រមូលព័ត៌មានពីប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តភាគខាងត្បូង និងភាគនិរតី លើកទី១រួចមកហើយដែរ។ ការចុះប្រមូលព័ត៌មាននេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផលិតវីដែអូបទយកការណ៍ស្តីពីការយល់ដឹងពីបឹងទន្លេសាប និងសារប្រយោជន៍ធនធានធម្មជាតិនៅក្នុងបឹងទន្លេសាប។

នៅក្នុងដំណើរបេសកកម្មលើកទី២នេះ មានរយៈពេល២ថ្ងៃ បានពីថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្រុមការងារបានការចុះប្រមូលព័ត៌មាន និងបានជួបសម្ភាសន៍ជាមួយអាជ្ញាធរដែនដី ប្រជាពលរដ្ឋមូលដ្ឋាន ប្រជាសហគមន៍នេសាទ ក្រុមគ្រូពេទ្យ សមត្ថកិច្ច អាជីវករលក់ដូរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដែលពួកគាត់សុទ្ធតែលើកឡើងនូវការគាំទ្រកិច្ចការពារធនធានបឹងទន្លេសាប ព្រៃលិចទឹក ត្រីនិងមច្ឆជាតិ សត្វស្លាប និងជីវចម្រុះផ្សេងៗទៀតឱ្យបន្តនៅគង់វង្ស និងកាន់តែសម្បូរសប្បាយច្រើនជាងនេះ។

ប្រជាពលរដ្ឋមួយចំនួន ថ្វីដ្បិតមិនបានរស់នៅជាប់ផ្ទាល់នឹងតំបន់បឹងទន្លេសាប ប៉ុន្តែពួកគាត់ក៏បានអំពាវនាវសូមឱ្យមានការចូលរួមអភិរក្សធនធានធម្មជាតិនៅបឹងទន្លេសាប ដើម្បីអនាគតធនធានធម្មជាតិប្រកបដោយស្ថិរភាព និងកំណើន។

គួរបញ្ជាក់ដែរថា ដើម្បីលើកកម្ពស់ និងជំរុញប្រសិទ្ធភាពដំណើរការការងារគំនិតផ្តួចផ្តើមបឹងទន្លេសាប រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតអាជ្ញាធរអាងទន្លេសាប និងតាមរយៈកំណែទម្រង់នេះ «អាជ្ញាធរទន្លេសាប» ក៏ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត /០៦០៩/៧០៥ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ ដែលជាអង្គភាពថ្នាក់ជាតិមួយ ជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល និងដើរតួនាទីជាអង្គភាពសិក្សា ស្រាវជ្រាវ តាមដាន និងវាយតម្លៃអំពីសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច និងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ និងជាអ្នករៀបចំបង្កើតឡើងនូវផែនទីបង្ហាញផ្លូវ ទស្សនវិស័យ គោល នយោបាយយុទ្ធសាស្ត្រជូនរាជរដ្ឋាភិបាល។

លើសពីនេះ អាជ្ញាធរទន្លេសាបក៏មានភារកិច្ច ក្នុងការតាមដានត្រួតពិនិត្យ អធិការកិច្ច ដែនព្រៃលិចទឹក និងព្រៃលិចទឹកបានធ្វើកិច្ចសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការបោះបង្គោលកំណត់ព្រំតំបន់៣នៃព្រៃ លិចទឹកនៅក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប ស្របតាមគោលការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកំណត់តំបន់ព្រៃលិចទឹកបឹងទន្លេសាប៕

https://image.freshnewsasia.com/2021/id-022/fn-2024-09-06-22-27-31-1.JPG