(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា «ការអភិវឌ្ឍរាជធានីភ្នំពេញ មិនស្រួលដូចអ្វី ដែលយើងគ្រាន់តែនិយាយនោះទេ គឺវាលំបាកណាស់ ប៉ុន្ដែខ្ញុំនឹងខិតខំ ឲ្យអស់ពីសមត្ថភាព ក្នុងការធ្វើឲ្យរាជធានីភ្នំពេញល្អប្រសើរ ប៉ុន្ដែ​ការអភិវឌ្ឍនេះ យើងត្រូវធ្វើវាជាជំហានៗ»

 លោក ប៉ា សុជាតិវង្ស លើកឡើងបែបនេះ ក្នុងឱកាសដែលលោកជួបសំណេះសំណាលជាមួយ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុយ វណ្ណៈ ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅសាលារាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ​ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នេះ គេធ្វើសម្រាប់តែមនុស្ស៥០ម៉ឺននាក់ទេយ៉ាងច្រើន ប៉ុន្ដែពេលនេះមនុស្សកើនឡើងជាង៣លាននាក់ ហើយនៅពេលដែលគាត់ ទៅសាងសង់បុរី នៅវាលស្រែ ពេលនោះពួកគាត់ចាប់ផ្ដើមស្នើមក សាលារាជធានីភ្នំពេញថា សុំធ្វើផ្លូវចូល ពួកគាត់អត់លូ អត់ទឹក អត់ភ្លើង នេះបានន័យថា សាលារាជធានីភ្នំពេញ ត្រូវរត់ទៅតាមពួកគាត់ ដែលនេះហើយជាហេតុផលថា ទីក្រុងចាស់មិនទាន់ស្ដារបានស្រួលបួលផង ស្រាប់តែមានតំបន់មួយកើតឡើង ខុសនឹងគម្រោងរបស់ក្រុង។

លោកអភិបាលបន្ថែមថា «ចំពោះបញ្ហា​រថយន្ដធំចូលក្នុងក្រុង ដែលមានប្រមាណជាង៤០ម៉ឺនគ្រឿង ហើយចំ​នួននេះវាកើនឡើងជារៀងរាល់ថ្ងៃ ប៉ុន្ដែផ្លូវនៅក្នុងរាជធានីភ្នំពេញ វាមិនបានកើនឡើង តាមរថយន្ដនោះទេ ។ សាលាក្រុងទប់ស្កាត់បាន៩០ភាគរយ ដែលយើងឃើញរាល់ថ្ងៃមួយៗនេះ ជាឡានរបស់ក្រុមហ៊ុនឯកជន បម្រើការក្នុងវិស័យសំណង ហើយបើសំណង់សង់នៅក្នុងក្រុង បើមិនឲ្យគេដឹកគ្រឿងសំណង់ចូលទេ តើយើងត្រូវធ្វើយ៉ាងមិច ដែលនេះហើយជាការលំបាកក្នុងការគ្រប់គ្រង»

​លោកក៏បានឲ្យដឹងផងដែរ​ មហិច្ឆតារបស់លោក គឺនៅពេលចុងឆ្នាំនេះ នឹងធ្វើឲ្យផ្លូវទំបន់កប់ស្រូវ តភ្ជាប់រហូតដល់ផ្លូវជាតិលេខ៥ ដើម្បីធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធក្រៅក្រុង បង្កលក្ខណៈឲ្យឡានធំជាងស្រួល ហើយវិធានការក្ដៅ សម្រាប់ឡានធំចូលក្រុង ក៏ដល់ពេលវេលាដូចគ្នា៕