(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបន្ដចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយនៅក្នុងសង្គម។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៤ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានអះអាងថា ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវចូលរួមរាយការណ៍ភ្លាមមកកាន់សមត្ថកិច្ច ក្នុងករណីបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។

លោកបានអះអាងថា កន្លងមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យ ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់មានសមត្ថភាព ចំណេះដឹងវិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ដល់វិស័យនេះឲ្យកាន់តែរីកចម្រើនជាបន្ដបន្ទាប់ ដែលនេះជាលើកទី៦៤ ហើយដែលនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានរៀបចំវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន។

ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានស្នើដល់នាយកក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងគ្រឹះស្ថាននានា ត្រូវបន្ដចូលរួមគាំទ្រដល់វគ្គបណ្ដុះបណ្ដាលនេះ ដោយត្រូវបញ្ជូនភ្នាក់ងារសន្ដិសុខឯកជនមកចូលរួមវគ្គសិក្សា។ លោកបន្ដថា សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្ដពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពច្នៃប្រឌិត និងមានភាពទទួលខុសត្រូវក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៦៤ ប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលសិក្ខាកាមចំនួន២៣១នាក់ (ស្រី៤នាក់) ក្នុងនោះ៖ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន២នាក់, ភ្នាក់ងារសន្តិសុខឯកជនផ្តល់សេវាកម្ម ចំនួន៦៧នាក់ (ស្រី២នាក់) មកពី៣២ក្រុមហ៊ុន និងភ្នាក់ងារសន្តិសុខឯកជនមិនបម្រើសេវាកម្ម ចំនួន១៦២នាក់ (ស្រី២នាក់) មកពី៦១សហគ្រាសគ្រឹះស្ថាន។

លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៦៤លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន១០,៨៧៤នាក់ (ស្រី២៣៤នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២៥៤នាក់ (ស្រី២៣នាក់)។

កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕