(កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល កម្លាំងរដ្ឋបាលជលផលខេត្ត បានឃាត់រថយន្ដមួយគ្រឿងដែលដឹកបង្កងខុសច្បាប់ ទម្ងន់សរុបជិត១តោន ដែលនាំចូលមកពីក្រៅប្រទេស ហើយពុំមានលិខិតបញ្ជាក់អំពីគុណភាពនាំចូល​ និងនាំចូល​ផលិតផលជលផល គ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្រ្តជលផល។

លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលខេត្តកណ្តាល កាលពីយប់រំលងអធ្រាត្រថ្ងៃទី០៤ ខែកញ្ញា លោកដឹកនាំមន្ត្រី សហការជាមួយកម្លាំងអាវុធហត្ថ បានធ្វើការចុះឃាត់រថយន្តមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ3G-5776 ដែលដឹកបង្កងខុសច្បាប់ចំនួន២៦ធុង ស្ថិតនៅចន្លោះគីឡូម៉ែត្រ៣៤-៣៥ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

ការឃាត់នេះដោយសារម្ចាស់រថយន្តនេះ មិនព្រមសហការគ្នាជាមួយកម្លាំងសមត្ថកិច្ច ខណៈដែលមន្រ្តីជំនាញធ្លាប់ធ្វើការណែនាំ និងព្រមានជាច្រើនលើកមកហើយ ប៉ុន្តែម្ចាស់បង្កង និងម្ចាស់ឡាននៅតែរឹងទទឹង ព្រហើនឌឺដង និងហ៊ានប្រមាថមន្ត្រីជាច្រើនលើកច្រើនសារ។

លោក ហេង សុភារិទ្ធ បានអះអាងថា ម្ចាស់រថយន្តនេះរួមទាំងថៅកែបង្កង នោះពុំមានលិខិតស្នាមត្រឹមត្រូវក្នុងការដឹកជញ្ជូន ហើយសម្ថកិច្ចក៏ធ្លាប់បានចុះណែនាំ និងព្រមានពីរបីដងហើយតែមិនព្រមសហការ។ ដូច្នេះលោកអភិបាលខេត្តកណ្តាល បានបញ្ជាឲ្យធ្វើការឃាត់រថយន្តនេះ រួមទាំងវត្ថុតាងតែម្តងដើម្បីចាត់ការតាមច្បាប់។

លោកបញ្ជាក់ថា បង្កងដែលបានរឹបអូសបានជិតមួយតោននេះត្រូវបានងាប់ស្អុយរលួយអស់ ហើយគណៈកម្មាការសម្រេចកប់ចោលនារសៀលនេះផងដែរ បន្ទាប់ពីមានការសម្រេចរបស់លោកអភិបាលខេត្តកណ្តាល។

បើតាមលោកនាយខណ្ឌរដ្ឋបាលជលផល, ក្រោយមានការណែនាំពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចង្អុលបង្ហាញពីអភិបាលខេត្តកណ្តាលលោក គួច ចំរើន ខណ្ឌរដ្ឋបាលជលផលកណ្តាល ក្នុងគោលបំណងរក្សាសុខភាព និងសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋខេត្តកណ្តាល ក៏ដូចជានៅទូទាំងប្រទេសនោះ នឹងខិតខំចាត់វិធានការឲ្យដូចជាភ្លៀងរលឹមចំពោះបទល្មើសជល់ផល ទាំងនេសាទខុសច្បាប់ និងការដឹកជញ្ជូនមិនមានភាពប្រក្រតី មិនមានគុណភាពត្រឹមត្រូវ និងច្បាស់លាស់ជាដើមនោះ៕