(ភ្នំពេញ)៖ នៅពេលដែលទាហានរុស្ស៊ី កាន់ចូលទៅកៀកជិតក្រុង Pokrovsk ការភ័យខ្លាចកាន់តែកើនឡើងចំពោះការអាចបាត់បង់ក្រុងដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយក្នុងការធ្លាប់ តែថែទាំងសុវត្ថិភាពខេត្ត Donetsk ។ ប៉ុន្តែអ៊ុយក្រែនបានប្តេជ្ញាថា នឹងមិនឱ្យក្រុង Pokrovsk បាត់បង់ឡើយ។ Pokrovsk គឺក្រុងមួយដែលមានចម្ងាយមិនដល់ ២០គីឡូម៉ែត្រ ពីខេត្ត Dnipropetrovsk ឡើយ។ Pokrovsk គឺជាទីតាំងរបស់ស្ថានីយ៍រថភ្លើង និងជាចំណុចច្រកចូលទៅកាន់តំបន់ Donbas តាមរយៈបណ្តាក្រុងភាគខាងលិចនានា រួមទាំងក្រុង Dnipro ផងដែរ។
ប៉ុន្តែពេលនេះសង្រ្គាមបានឈានមកដល់ទីក្រុង Pokrovsk ដែលជាក្រុងធ្លាប់មានប្រជាជនចំនួន ៦០,០០០នាក់។ កងកម្លាំងរុស្ស៊ី នៅមិនឆ្ងាយពីក្រុងនេះប៉ុន្មានឡើយ គឺប្រមាណតែ ៨គីឡូ ម៉ែត្រទៀតតែប៉ុណ្ណោះ។
រៀងរាល់សប្តាហ៍ មានមនុស្សរាប់ពាន់នាក់ បានរត់ចាកចេញពីក្រុង Pokrovsk គ្រាដែលកាំភ្លើងធំ និងដ្រូនរបស់រុស្ស៊ី ត្រូវគេឃើញថា បានបាញ់ចូលក្នុងក្រុងជាច្រើនដងដែលធ្វើឱ្យក្រុង នៃច្រកដង្ហើមសេដ្ឋកិច្ចដឹកជញ្ជួនស្បៀងនិងយុទ្ធសាស្ត្រយោធានេះ កាន់តែរងការខូចខាតខ្ទេចខ្ទាំពីមួយថ្ងៃទៅមួយថ្ងៃ។
សេចក្តីរាយការណ៍ Aljazeera បានថ្លែងនៅថ្ងៃទី៦កញ្ញានេះថា អ៊ុយក្រែនបានលុបចោលការ ធ្វើដំណើររថភ្លើងមួយដែលត្រូវដឹកជញ្ជួនអ្នកស្រុកចេញពីក្រុង Pokrovsk ដោយសារតែក្តី បារម្ភការវាយប្រហាររបស់រុស្ស៊ីដាក់លើរថភ្លើងនោះ។
គួរបញ្ជាក់ថាក្នុងក្រុងដែលបារម្ភថា នឹងធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់រុស្ស៊ីនោះ មានពលរដ្ឋសេសសល់ប្រមាណ ២៧,០០០នាក់នាពេលនេះ។
អ៊ុយក្រែនដែលបារម្ភខ្លាចក្រែងបាត់បង់ទីក្រុង Pokrovsk បានប្រើកម្លាំងរបស់ខ្លួនចូលវាយលុកក្នុងខេត្ត Kursk របស់រុស្ស៊ី ដើម្បីការចង់ឱ្យរុស្ស៊ីដកកម្លាំងបញ្ជួនចេញពីមុខព្រួញវាយប្រហារសម្តៅក្រុង Pokrovsk មកជួយការពារខេត្ត Kursk ប៉ុន្តែជាមួយល្បិចនេះ រុស្ស៊ីនិយាយថាគេមិនបានដកកម្លាំងរបស់ខ្លួនចេញពីមុខព្រួញសមរភូមិផ្នែកខាងកើតឡើយ បើទោះបីជាមានសេចក្តីរាយការណ៍ខ្លះបញ្ជាក់ថា រុស្ស៊ីពិតជាបានចល័តទ័ពខ្លះទៅជួយនៅក្នុងខេត្ត Kursk នោះក៏ដោយ។
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានថ្លែងថាការវាយលុកលុយរបស់អ៊ុយក្រែន ចូលក្នុងខេត្ត Kursk របស់រុស្ស៊ី មិនអាចពន្យឺតការវាយប្រហារទៅមុខរបស់រុស្ស៊ី នៅក្នុងសមរភូមិ Donbas លើទឹកដីអ៊ុយក្រែនបានឡើយ។ លោកពូទីនបានថ្លែងថា គោលបំណងសំខាន់របស់នៃការវាយប្រហាររបស់រុស្ស៊ីនាពេលនេះ គឺការចូលគ្រប់គ្រងតំបន់ Donbas ។ លោកបន្តថា ដូច្នេះបំណងរបស់អ៊ុយក្រែន ដើម្បីចង់ឱ្យរុស្ស៊ី ព្រួយតាមរយៈបង្កើតសមរភូមិថ្មីវាយលុកលើទឹក Kursk របស់រុស្ស៊ី នឹងមិនអាចធ្វើឱ្យរុស្ស៊ីបំបែរចេញពីទិសដៅវាយប្រហារដើម្បីគ្រប់គ្រងតំបន់ ដុនបាសឡើយ។
ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេ ឡិនស្គី បានថ្លែងថា ការវាយប្រហារចូលក្នុងខេត្ត Kursk របស់រុស្ស៊ី គឺក្នុងបំណងបង្កើតសង្គ្រាមមួយនៅលើទឹកដីរុស្ស៊ីតែម្តង និងក៏ជាការបង្ខំឱ្យមេដឹកនាំរុស្ស៊ីលោក ពូទីនចូលមកក្នុងតុចរចាសន្តិភាព និងក៏ជាបំណងបង្កើតតំបន់ទ្រនាប់រារាំងរុស្ស៊ី មិនឱ្យវាយប្រហារដាក់មកលើតំបន់ Sumy របស់អ៊ុយក្រែនដែលស្ថិតជាប់នឹងព្រំដែនរុស្ស៊ីនោះ។ ប៉ុន្តែយុទ្ធសាស្ត្រនេះ មិនបានឱ្យគោលដៅវាយប្រហារដណ្តើមក្រុង Pokrovsk ត្រូវបោះបង់ចោលឡើយនាពេលនេះ។
ក្រុមអ្នកវិភាគយោធាបានថ្លែងថា ទាហានរុស្ស៊ី បានចាប់ផ្តើមវាយរុញច្រានពីផ្នែកខាងក្រោម ក្រុង Pokrovsk ក្នុងការពង្រឹងផ្នែកខាងត្បូង និងបានកសាងមូលដ្ឋានយោធាដើម្បីសម្រាប់ការវាយលុកដណ្តើមយកទីក្រុងក្នុងការប្រយុទ្ធផ្តាច់ព្រ័ត្រ។
ក្រុមអ្នកវិភាគបានថ្លែងថា ភាពខ្វះខាតរបស់អ៊ុយក្រែនលើចំនួនកម្លាំងទ័ពនិងបច្ចេកទេស បានធ្វើឱ្យរុស្ស៊ីមានលទ្ធភាពកាន់តែរំកិលគោលដៅមកកាន់តែកៀកក្រុង Pokrovsk ។ ក្រុមវិភាគ នៅមិនទាន់ច្បាស់លាស់ថា តើរុស្ស៊ីបន្ទាប់ពី នឹងចូលកាន់កាប់ក្រុង Pokrovsk នោះ នឹងបនុ្តវាយលុកមកលើទឹកដីអ៊ុយក្រែនភាគខាងកើតបន្ថែមទៀត ឬ យ៉ាងណាឡើយ ពីព្រោះការអាចចូលកាន់កាប់ក្រុង Pokrovsk បាន នឹងត្រូវការចំណាយធនធានសំខាន់ៗជាច្រើន ដែលទំនង នឹងធ្វើឱ្យបាត់បង់សមត្ថភាពវាយលុករបស់រុស្ស៊ី។
បើតាមអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោកឧត្តមសេនីយ៍ Oleksandr Syrskii លោកបានអះអាងថា ការវាយប្រហាររបស់អ៊ុយក្រែនក្នុងទឹកដីរុស្ស៊ី បានជួយជាខ្លាំងណាស់ក្នុងការរារាំងការវាយសម្រុកទៅមុខរបស់រុស្ស៊ីដែលចង់ចូលកាន់កាប់ក្រុង Pokrovsk ។ លោកបានថ្លែងថាការវាយសម្រុករបស់រុស្ស៊ី មិនបានសម្រេចឡើយក្នុងរយៈពេល៦ថ្ងៃកន្លង មកនេះដោយសារតែយុទ្ធសាស្ត្ររបស់អ៊ុយក្រែនោះ។
អ៊ុយក្រែនក្នុងរយៈពេលមួយខែដែលបានវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី នៅក្នុងខេត្ត Kursk បានអះអាងការកាន់កាប់ទឹកដីរុស្ស៊ី បានចំនួន១,៣០០គីឡូម៉ែត្រក្រឡា ជាមួយនឹងទីតាំងច្រើនកន្លែងទៀតប៉ុណ្ណោះ។ លោកឧត្តមសេនីយ៍ Oleksandr Syrskii បានថ្លែងថា អ៊ុយក្រែន នឹងប្រឹងប្រែងសព្វបែបយ៉ាងទាំងអស់ដោយមិនឱ្យក្រុង Pokrovsk បាត់បង់ក្នុងកណ្តាប់ដៃ របស់រុស្ស៊ីឡើយ។
គេនឹងរង់ចាំមើលថា តើអ៊ុយក្រែននឹងប្រើយុទ្ធសាស្ត្រ ឬ ល្បិចកលប្រយុទ្ធអ្វីថ្មីថែមទៀត ដើម្បីរារាំងរុស្ស៊ី មិនឱ្យដណ្តើមយកក្រុង Pokrovsk ដែលសេចក្តីរាយការណ៍កំពុងបង្ហាញថា រុស្ស៊ី កាន់តែសង្ខើញបន្តិចម្តងៗ និងដែលស្ថិតនៅចម្ងាយតែប្រមាណ ៨គីឡូម៉ែត្រទៀតតែប៉ុណ្ណោះ នៃការសម្រេចគោលដៅផ្តាច់ព្រ័ត្រទៅហើយនោះ៕