(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសចំនួន ២ រូបគឺ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងតំណាងក្រសួង ស្ថាប័ន ដែលមានចំនួនសរុបប្រមាណ ៥០០ នាក់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការឱ្យបានយល់ជ្រួតជ្រាបច្បាស់លាស់ ត្រឹមត្រូវ និងស៊ីជម្រៅ ពាក់ព័ន្ធនឹងសាវតារ វឌ្ឍនភាព និងគុណប្រយោជន៍ ព្រមទាំងការគ្រប់គ្រងហានិភ័យជាយថាហេតុ នៃកិច្ចសហប្រតិបត្តការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នេះ។
នៅក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជម្រាបជូនអង្គសិក្ខាសាលាទាំងមូលអំពីសាវតារនៃកិច្ចសហប្រតិបត្តិការ CLV-DTA ដោយបានគូសរំលេចថា កិច្ចសហប្រតិបត្តិការនេះមានអាយុកាលប្រមាណ ២៥ឆ្នាំមកហើយ និងជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ស្របតាមចរន្តសាកលភាវូបនីយកម្ម ព្រមទាំងផ្អែកលើមុំទី២ នៃយុទ្ធសាស្ត្រត្រីកោណ គឺការធ្វើសមាហរណកម្មក្នុងតំបន់ និងពិភពលោក បន្ទាប់ពីកម្ពុជាទទួលបាននូវឯកភាពជាតិ និងសុខសន្តិភាពពេញលេញ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
ហេតុនេះ រាជរដ្ឋាភិបាលបានខិតខំផ្សារភ្ជាប់កម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់និងសកលលោក ដោយចូលរួមក្នុងយន្តការកិច្ចសហប្រតិបត្តិការផ្សេងៗជាបន្តបន្ទាប់ ដូចជា កិច្ចសហប្រតិបត្តិការ CLV-DTA, កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV), កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS), អាស៊ាន (ASEAN), អង្គការពាណិជ្ជកម្មពិភពលោក (WTO), កិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS), កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (Lancang-Mekong Cooperation) និង RCEP ជាដើម ដែលមានបច្ច័យដល់ការអភិវឌ្ឍកម្ពុជា ក៏ដូចជាដើម្បីបើកឱកាសទីផ្សារ ពាណិជ្ជកម្ម និងលើកកម្ពស់ជីវភាពប្រជាជន ដូចដែលយើងបានឃើញផ្លែផ្កាក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ។
ក្នុងសិក្ខាសាលានោះផងដែរ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើបទអន្តរាគមន៍ ដើម្បីពន្យល់អំពីសារបាននៃ កិច្ចសហប្រតិបត្តិការ CLV-DTA និងបង្ហាញជាក់ច្បាស់នូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ ចំពោះសកម្មភាពពាណិជ្ជកម្ម ដែលបានចូលរួមអភិវឌ្ឍខេត្តទាំង ៤ របស់កម្ពុជាដែលស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការនេះ។
ជាមួយគ្នានេះដែរ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានធ្វើបទអន្តរាគមន៍មួយអំពីប្រវត្តិសាស្ត្រនៃការខិតខំប្រឹងប្រែករបស់ថ្នាក់ដឹកនាំជំនាន់មុន ជាពិសេស ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និង សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងបានពន្យល់ថែមទៀតអំពីសារៈសំខាន់ នៃតំបន់សហប្រតិបត្តិការអភិវឌ្ឍន៍ CLV-DTA សម្រាប់ការអភិវឌ្ឍ និងភូមិសាស្ត្រនយោបាយ និងចំណាប់អារម្មណ៍របស់ប្រទេសមហាអំណាចធំៗក្នុងតំបន់នេះដែរ។
បទអន្តរាគមន៍ទាំងនេះ បានផ្សារភ្ជាប់កត្តាពាណិជ្ជកម្ម សេដ្ឋកិច្ច ជាមួយនឹងប្រវិត្តសាស្ត្រ និងភូមិសាស្ត្រនយោបាយ ដែលបានសបញ្ជាក់ឱ្យច្បាស់ថែមទៀតអំពីបច្ច័យរបស់ CLV-DTA សម្រាប់ការអភិវឌ្ឍ និងអធិបតេយ្យភាពកម្ពុជា។
មុននឹងបញ្ចប់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថារាជរដ្ឋាភិបាលពុំមានអ្វីលាក់លៀមពាក់ព័ន្ធនឹង CLV-DTA នោះទេ ដោយសារកិច្ចសហប្រតិបត្តិការនេះ ត្រូវបានរៀបចំឡើងដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តាំផ្ញើឱ្យអង្គសិក្ខាសាលាទាំងមូលស្វែងយល់បន្ថែមអំពីកិច្ចការនេះ និងចូលរួមផ្សព្វផ្សាយ និងពន្យល់ដល់ក្រុមគ្រួសារ និងប្រជាជនក្នុងមូលដ្ឋាន ឱ្យបានយល់ច្បាស់អំពីគុណប្រយោជន៍នៃ CLV-DTA និងចូលរួមក្នុងការអភិវឌ្ឍតំបន់នេះឱ្យកាន់តែ មានការអភិវឌ្ឍបន្ថែមទៀត និងកុំឱ្យជឿលើក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនតូចដែលមានបំណងយកចំណេញលើ មនោសញ្ចេតនាជាតិនិយមរបស់ប្រជាជនខ្មែរ ដុតបញ្ឆេះកំហឹងពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី បំភ្លៃ, បំពុល និងប្រឌិត បង្កើតជាសាច់រឿងមួលបង្កាច់មកលើរាជរដ្ឋាភិបាល កែច្នៃបំភ័ន្តឱ្យទៅជាចលនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បំបែកបំបាក់ឯកភាពជាតិ និងសាមគ្គីភាពជាតិ ក្នុងគោលដៅយកចំណេញផលប្រយោជន៍នយោបាយសម្រាប់ខ្លួនឯង។