(ភ្នំពេញ)៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាន នឹងកំពុងយកចិត្តទុកដាក់ កាន់តែខ្លាំងឡើងៗ លើការអភិវឌ្ឍ «មូលធនមនុស្ស» ដែលជាកត្តាមុតស្រួចក្នុងការជួយទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ទាំងក្នុងពេលចំពោះមុខ ទាំងសម្រាប់អនាគត។
ការថ្លែងយ៉ាងដូច្នេះរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីក្នុងកម្មពិធីបិទវគ្គគូលែនលើកទី៤ កម្រិតមូលដ្ឋាន ស្ដីពី «ភាពជាអ្នកដឹកនាំ» នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក ជា ចាន់តូបានថ្លែងថា «ការអភិវឌ្ឍធនធានមនុស្ស គឺជាកូនសោ សម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ»។
លោកបានបញ្ជាក់ទៀតថា នៅរយៈពេលប៉ុន្មានឆ្នាំនេះ ធនាគារជាតិនៃកម្ពុជាបានខិតខំបណ្ដុះបណ្ដាល មន្រ្ដីជំនាញយ៉ាងច្រើនលើគ្រប់ផ្នែក និងគ្រប់រូបភាព ប៉ុន្ដែបើទោះបីជាបានខិតខំបណ្ដុះបណ្ដាល មន្ដ្រីបុគ្គលិកជាប្រចាំ ក៏ដោយក៏ធនាគារជាតិនៃកម្ពុជា មិនទាន់មានធនធានមនុស្សគ្រប់គ្រាន់នៅឡើយទេ បើធៀបទៅនឹងទំហំការងារ ដែលកំពុងអភិវឌ្ឍរីកចំរើន។
លោក ជា ចាន់តូ បានថ្លែងថា «ខ្ញុំសូមវាយតម្លៃខ្ពស់ថា វគ្គគូលែនលើកទី៤ កម្រិតមូលដ្ឋាន បានប្រព្រឹត្តិឡើងប្រកបដោយភាពជោគជ័យ ហើយខ្ញុំជឿរជាក់ថា ក្មួយៗប្អូៗសិក្ខាកាមនៃវគ្គគូលែនទាំងអស់ ពិតជាទទួលបាននូវចំណេះដឹងនេះ ទៅអភិវឌ្ឍន៍ខ្លួនតាមរយៈការរួមចំណែកបំពេញមុខងារ និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងអភិវឌ្ឍន៍ធនាគារជាតិនៃកម្ពុជាឲ្យកាន់តែរឹងមាំ មានសុវត្ថិភាព និងប្រសិទ្ធិភាព»។
លោកបានបន្ដទៀតថា ឈរលើកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងកិច្ចខិតខំប្រឹងប្រែងបន្ដទៀត ចាប់ពីថ្ងៃនេះទៅខ្ញុំសង្ឃឹមថា ធនាគារជាតិនៃកម្ពុជា នឹងអាចសម្រេចបាននូវសមិទ្ធផលថ្មីៗ ជាច្រើនទៀត ទាំងបរិមាណនិងគុណភាព។
ជាមួយគ្នាលោក ជា ចាន់តូ បានបញ្ជាក់ទៀតថា ដើម្បីឲ្យជីវិត និងការងាររបស់ខ្លួន កាន់តែទទួលបានជោគជ័យ បន្ថែមទៀតក្រៅពីចំណេះដឹង ដែលមានជាចាំបាច់ហើយក្មួយៗ ត្រូវប្រកាន់ភ្ជាប់នូវសីលធម៌ វិន័យការងារ គុណធម៌ ភាពអំណត់និងភាពស្មោះត្រង់ ដែលជាកត្តាមិនអាចខ្វះបានសម្រាប់កំណត់ជ័យជំនះ៕