(បន្ទាយមានជ័យ)៖ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃការងារស្ដារឡើងវិញ ផ្លូវក្រាលកៅស៊ូ​ពីរជាន់ DBST នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបន្តចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាពការងារស្ថាបនាផ្លូវក្រាលបេតុងក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

នៅក្នុងបេសកកម្មចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារស្ថាបនាផ្លូវ រយៈពេល២ថ្ងៃ នៅថ្ងៃទី ៥-៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបណ្ឌិត សៅ ជីវ័ន្ត បានឱ្យដឹងថា ជុំវិញហេដ្ឋាចរនាសម្ព័ន្ធនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញការងារសាងសង់ ស្តារ ឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ផ្លូវក្រាលកៅស៊ូពីរជាន់ ឬបេតុង ដោយក្នុងនោះក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ។

នាឱកាសនោះលោកបណ្ឌិត សៅ ជីវ័ន្ត បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តទៅតាមផែនការ និងបានបញ្ជាក់ថាផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់នោះឡើយ នេះជាការបង្កភាពងាយស្រួល ការកាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយ លើការដឹកជញ្ជូនកសិផល ក៏ដូចជាការទំនិញផ្សេងៗ ពោលគឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាននេះ នៅក្នុងអាណត្តិនីមួយៗ ត្រូវបានរាជរដ្ឋាភិបាលវិនិយោគ ដោយចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ​ប្រជាពលរដ្ឋនៅតាមជនបទ។

ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យនិងវាយតម្លៃគម្រោងខាងលើនេះ លោកបណ្ឌិត សៅ ជីវ័ន្ត បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ-ស្រុក ក្រុមការងារ​រាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះមូលដ្ឋាន ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា និងសេចក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន មគ្គុទេសឯក​នយោបាយឈ្នះ-ឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

នាឱកាសនោះដែរលោកបណ្ឌិត សៅ ជីវ័ន្ត ក៏បាននាំបានអំណោយដ៏ថ្លៃថ្លារបស់លោក ឆាយ ឫទ្ធិសែន ចែកជូនប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួន១៕