(ភ្នំពេញ)៖ អង្គប្រជុំព្រឹទ្ធសភាបានសម្រេចបោះឆ្នោតជ្រើសតាំងលោក លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយមានសំឡេងគាំទ្រចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភានៃកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុលោមតាមមាត្រា៤ និងមាត្រា៥ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងយោងលិខិតលេខ៖ ១៩៨៣ កយ.រប/២៤ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ បានស្នើសុំឱ្យព្រឹទ្ធសភារៀបចំការបោះឆ្នោតជ្រើសរើសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ០១រូប ដែលត្រូវបញ្ចប់អាណត្តិ។
អង្គប្រជុំព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំងលោក លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដោយមានសំឡេងគាំទ្រចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕