(ភ្នំពេញ)៖ ក្នុងរដូវប្រមូលផលស្រូវដើមដៃ នៅដើមខែកញ្ញានេះ តម្លៃស្រូវសែនក្រអូបបានកើនខ្ពស់ជាងឆ្នាំមុន ដែលអាចលក់បានជិត ១៥០០ រៀលក្នុងមួយគីឡូក្រាម តែយ៉ាងនេះក្តីការដាំដុះស្រូវប្រភេទនេះ បែរធ្លាក់ចុះយ៉ាងខ្លាំង។
បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅឆ្នាំនេះការដាំដុះស្រូវសែនក្រអូបបានថយចុះប្រមាណពី៧០ ទៅ៨០% បើធៀបនឹងឆ្នាំមុន។ ការថយចុះនៃការដាំដុះស្រូវសែនក្រអូបនេះ ដោយសារកសិករទៅបង្កើនការដាំដុះស្រូវស្រងែវិញ ជាពិសេសនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ស្រូវស្រងែ គឺជាពូជស្រូវក្នុងស្រុក ដែលប្រើរយៈពេលខ្លីក្នុងការដាំដុះ ដូចគ្នា។ បើតាមលោក យ៉ង់ សាំងកុមារ បច្ចុប្បន្ននេះ ស្រូវស្រងែក៏មានតម្លៃល្អប្រហាក់ប្រហែលនឹងស្រូវសែនក្រអូប ដោយសារតែស្រូវប្រភេទនេះ រោងម៉ាស៊ីនក្នុងស្រុកមានត្រូវការច្រើន សម្រាប់កែច្នៃក្នុងការនាំចេញ ខណៈស្រូវប្រភេទអូអឹម មានតម្រូវការតិចតូច ប៉ុណ្ណោះសម្រាប់ក្នុងស្រុក។
លោកបានឱ្យដឹងថា ស្រូវប្រភេទអូអឹម ភាគច្រើនកសិករដាំសម្រាប់លក់ទៅឱ្យឈ្មួញនាំចេញទៅវៀតណាម។ បច្ចុប្បន្ននេះ ការដាំដុះស្រូវប្រភេទមានការកើនឡើង គួរឱ្យកត់សម្គាល់ផងដែរ ដោយកន្លងមក ការដាំដុះស្រូវប្រភេទនេះ មានតែនៅខេត្តតាកែវ និងព្រៃវែងប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះ ការដាំដុះស្រូវប្រភេទនេះ បានរាលដាលដល់ខេត្តកំពង់ធំ និងកំពង់ចាមជាដើម។
សែនក្រអូប០១ គឺជាពូជស្រូវស្រាលមិនប្រកាន់រដូវ ដែលបន្សុទ្ធ និងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេសដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។
ស្របពេលដែលតម្រូវការស្រូវសែនក្រអូបកើនឡើង បណ្ឌិត យ៉ង់ សាំងកុមារ បានឱ្យដឹងថា ក្រសួងកសិកម្មបាន និងកំពុងផ្សព្វផ្សាយឱ្យកសិករងាកមកដាំដុះស្រូវសែនក្រអូប ឱ្យបានច្រើនវិញ ដោយសារមានវាតម្លៃខ្ពស់ និងមានតម្រូវការនាំចេញច្រើន និងដើម្បីស្ថេរភាពទីផ្សារ ។
លោកបានមានប្រសាសន៍ថា «រដូវខាងមុខដែលចាប់ផ្តើមនៅខែវិច្ឆិកា និងប្រមូលផលនៅខែកុម្ភៈ និងមីនា ឆ្នាំ២០២៥ រដូវថ្មីនេះយើងសង្ឃឹមថា កសិករនឹងងាកមកដាំសែនក្រអូបច្រើន ទន្ទឹមនឹងនេះយើងក៏ធ្វើការពង្រឹងពង្រីក ទៅលើការបន្សុទ្ធពូជស្រូវស្រងែដែលជាពូជថ្មី និងជាពូជមានសក្តានុពល សម្រាប់ការផលិត និងនាំចេញ ដែលនឹងពិនិត្យលទ្ធភាពពង្រីកការដាំដុះពូជនេះនៅរដូវដាំដុះខាងមុខ»។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា នៅក្នុងការប្រមូលផលស្រូវនៅដើមរដូវនេះ តម្លៃស្រូវដែលកសិករបាននឹងកំពុងប្រមូលផល គឺមានតម្លៃលើសឆ្នាំមុនបន្តិច។ ជាក់ស្តែង នៅថ្ងៃទី០៦ខែកញ្ញានេះ ស្រូវសែនក្រអូប មានតម្លៃ១ ៤៥៧រៀលក្នុងមួយគីឡូក្រាម លើសឆ្នាំមុន១០៧រៀល, ស្រូវស្រងែ មានតម្លៃ ១២២៨រៀលក្នុងមួយគីឡូក្រាម លើសឆ្នាំមុន៣៨រៀល និងប្រភេទស្រូវ ៥៤៥១ មានតម្លៃ១០១០រៀលក្នុងមួយគីឡូក្រាម ថយចុះជាងឆ្នាំ១៣០រៀល។
លោកបានឱ្យដឹងផងដែថា ឈ្មួញដែលដើរទិញ ភាគច្រើន គឺម្ចាស់រោងម៉ាស៊ីនក្នុងស្រុក និងឈ្មួញដែលទិញសម្រាប់នាំចេញក្រៅខេត្ត។
លោក ហេង សិទ្ធ មន្រ្តីទទួលបន្ទុកការិយាល័យស្ថិតិកសិកម្មខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ស្រូវសែនក្រអូប និងស្រូវស្រងែ គឺជាប្រភេទស្រូវស្រាល ដែលអាចដាំបាន៣ដង ក្នុងមួយឆ្នាំ គឺនៅរដូវវស្សា២ដង និងរដូវប្រាំង១ដង។ ការដាំដុះស្រូវប្រភេទទាំងនេះ តិចឬច្រើន គឺអាស្រ័យលើតម្រូវការរបស់ឈ្មួញ ឬក្រុមហ៊ុនបញ្ជាទិញសម្រាប់នាំចេញ ប្រសិនបើគេឱ្យតម្លៃស្រូវសែនក្រអូបខ្ពស់ ការដាំដុះវគ្គទី២ កសិករអាចនឹងបង្កើនការដាំដុះសែនក្រអូបវិញ។
យោងតាមទិន្នន័យពីមន្ទីរកសិកម្មខេត្តបាត់ដំបង ស្រូវសែនក្រអូបដែលដាំដុះក្នុងវគ្គទី១នេះ មានចំនួន ៤៩ ៣២៣ ហិកតា, ស្រូវស្រងែ ប្រមាណ ៦៣ ៤៩៥ ហិកតា ស្រូវអ៊ឺអ៊ែរ ៥១ ៥០៩ ហិកតា៕