(កំពង់ស្ពឺ)៖ តាមប្រភពព័ត៌មានពីខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ មានរថយន្តឃ្លប់មួយគ្រឿង បានដឹកឈើប្រណីតពេញបើកចេញពីព្រៃ លុះមកដល់ចំណុចផ្លូវ ខាងត្បូងកោះរុន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏ជាប់ផុងទៅមុខលែងរួច ពេលនោះក៏ត្រូវសមត្ថកិច្ចទៅដល់តែម្ដង។ រថយន្តដែលមានផ្ទុកឈើ ពេញហើយជាប់ផុងនេះ មានចំណុះ ២.៥តោន ពាក់ស្លាកលេខ ភ្នំពេញ 3D-6946 តែគេនៅមិនទាន់ដឹង ចំនួនឈើមានប៉ុន្មានឲ្យប្រាកដនៅឡើយនោះទេ។
យោងតាមប្រភពពីស្រុកឱរ៉ាល់ បានអោយដឹងថា រថយន្តដឹកឈើ ប្រភេទឃ្លប់ដឹកទឹកកកនេះ គឺម្ចាស់ទើបទិញសម្រាប់តែដឹកឈើប៉ុណ្ណោះ ដោយសារតែម្ចាស់រថយន្តនេះ ដែលគេស្គាល់ថាមានឈ្មោះថា ជឿង ថេង ជាមន្ត្រីយោធានៅភូមិភាគ៣ ធ្លាប់មានបញ្ហារឿងរថយន្ត ដែលធ្លាប់តែដឹកឈើប្រភេទយីឌុបរបស់ខ្លួនបើកធ្វើឲ្យបាក់ស្ពាននៅក្នុងស្រុកឈូក ខេត្តកំពត ហើយតុលាការបញ្ជាអោយ ចាប់ដាក់គុកដើម្បីទាមទារ ឲ្យសងថ្លៃខូចខាត នាពេលកន្លងមកនេះ ទើបម្ចាស់រថយន្តដឹកទំនិញនានានៅក្នុងខេត្ត គេមិនហ៊ានជួលឲ្យឈ្មោះ ជឿន ថេង ខាងលើ រួចឈ្មោះនេះក៏ទិញរថយន្តផ្ទាល់ខ្លួនវិញម្ដងទៅ ។
តាមប្រភពដដែល ឈើរបស់ឈ្មួញឈ្មោះ ជឿង ថេង នេះ ដឹកទាំងថ្ងៃទាំងយប់តាមផ្លូវតាសាល ចេញពីស្រុកឱរ៉ាល់ទៅកាន់ស្រុកភ្នំស្រួច ឡើងផ្លូវជាតិលេខ៤ ឆ្ពោះទៅខេត្តកំពត ដោយមានបើកភ្លើងខៀវ ពីនាយសង្កាត់រដ្ឋបាលព្រៃឈើ តាសាល និងសមត្ថកិច្ចផ្សេងៗទៀតផងដែរ ទើបអាចដឹកចេញបានយ៉ាងដូច្នេះ។
ពាក់ព័ន្ធព័ត៌មានចោទប្រកាន់ខាងលើ នៅល្ងាចថ្ងៃដដែល Fresh News មិនអាចធ្វើការទាក់ទង ឈ្មោះ ជឿង ថេង ដើម្បីសុំការបំភ្លឺបានឡើយ ព្រោះមិនមានលេខទូរស័ព្ឌ សំរាប់ធ្វើការទាក់ទងបាន៕