(កំពង់ស្ពឺ)៖ បន្ទាប់ពីមានការលើកឡើងជាច្រើនរបស់ប្រជាពលរដ្ឋ នៅក្នុងវេទិការសាធារណៈ អំពីបញ្ហាជះក្លិនស្អុយអាចម៍មាន់ពីកសិដ្ឋាននៅក្បែរវត្តទួលសុរភី អាជ្ញាធរក្រុងឧដុង្គម៉ែជ័យ នារសៀលទី០៥ ខែកញ្ញា ឆ្នាំ២០២៤ បានចុះទៅពិនិត្យ និងណែនាំ ទីតាំងចំនួន២កន្លែងឲ្យរៀបចំកែលម្អបំបាត់នូវក្លិនស្អុយដែលរំខានដល់ប្រជាពលរដ្ឋ។

អាជ្ញាធរបានចុះទៅណែនាំ និងធ្វើកិច្ចសន្យាជាថ្មីម្ដងទៀត ដែលទីតាំងទី១ ស្ថិតនៅលិចវត្តទួលសុរភី ក្នុងភូមិអង្គ្រង និងទីតាំងទី២ ស្ថិតនៅខាងត្បូងវត្តទួលសុរភី ក្នុងភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ការចុះទៅណែនាំ និងធ្វើកិច្ចសន្យា ជាមួយម្ចាស់ទីតាំងកសិដ្ឋានចិញ្ចឹមមាន់យកពងទាំង២ទីតាំងខាងលើ មិនមែនទើបតែជាលើកទី១នោះទេ ប៉ុន្តែជារឿងដដែលជាច្រើនលើកច្រើនសារណាស់ទៅហើយ ដោយភាគីកសិដ្ឋានពុំដែលបានអនុវត្តតាមការណែនាំ និងការសន្យារបស់ខ្លួនឡើយ ពោលតែងតែបង្កក្លិនស្អុយជាប្រចាំទៅលើសហគមន៍ រួមមាន វត្តទួលសុរភី សាលាបឋមសិក្សា និងអនុវិទ្យាល័យទួលសុរភី ភូមិអង្គ្រង ភូមិទួលតារា ភូមិប្រវឹកពង ភូមិត្រពាំងឈូក ភូមិប្រកិល ក្នុងភូមិសាស្ត្រសង្កាត់ព្រះ និងភូមិមួយចំនួនទៀត ក្នុងភូមិសាស្ត្រសង្កាត់ក្សេមក្សាន្ត និងខេត្តកណ្ដាលផងដែរ។

ថ្លែងពីក្ដីទុក្ខកង្វល់អំពីការជះក្លិនស្អុយអាចម៍ នៅក្នុងវេទិការសាធារណៈ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតី លោក ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រះស្រែ, ប្រជាពលរដ្ឋបានទទូចស្នើសុំឲ្យអាជ្ញាធរ សម្រេចបិទទីតាំងកសិដ្ឋានខាងលើ ពីព្រោះតែម្ចាស់កសិដ្ឋានពុំដែលបានគោរពកិច្ចសន្យា ដែលបានធ្វើជាមួយអាជ្ញាធរ និងមិនគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ ដែលកំពុងរស់នៅក្នុងមូលដ្ឋានជុំវិញនោះឡើយ៕