(ភ្នំពេញ)៖ ក្រោយទទួលបានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ក្នុងនាមជាប្រតិបត្តិករថ្នាល CamDX នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បង «ប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (Electronic Know Your Business - e-KYB)»ដែលប្រព័ន្ធនេះនឹងក្លាយជាដំណោះស្រាយបច្ចេកវិទ្យាថ្មីមួយទៀត ដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់គ្រប់តួអង្គ នៅក្នុងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
ពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ដោយមានការចូលរួមពី លោក, លោកស្រី ជាថ្នាក់ដឹកនាំ, មន្ត្រីរាជការនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងនៃគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ និង ក្រុមហ៊ុនធានារ៉ាប់រងដែលជាសមាជិកនៃផ្ទាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ជាច្រើនរូបទៀត។
នាឱកាសនោះលោកបណ្ឌិត តាំង ងួនលី បានឱ្យដឹងថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងនូវ ប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB)នេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកនូវសមិទ្ធផលថ្មីៗ ដែលកើតចេញពីកិច្ចសហការរួមរវាងក្រសួង ស្ថាប័ននៅក្នុងរាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសមាជិកដែលមកពីវិស័យឯកជនផងដែរ។
លោកបណ្ឌិត តាំង ងួនលី បានបន្ថែមថា ថ្នាក់ផ្លាស់ប្តូនិន្នន័យកម្ពុជា (CamDX) បានដំណើរការជា ៤ឆ្នាំមកហើយ ដែលប្រព័ន្ធនេះត្រូវបានចាត់ទុកជាដំណោះស្រាយបច្ចេកវិទ្យាឌីជីថល ស្ថិតក្នុងទម្រង់ជាហេដ្ឋារចនាសម្ព័ន្ធ ហើយបានក្លាយជាថ្នាលឌីជីថលគ្រឹះរួមរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងក្លាយជាបច្ចេកវិទ្យាឆ្អឹងខ្នងដ៏មានសក្តានុពល បើកឱកាសឱ្យប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានរបស់ក្រសួង ស្ថាប័ននីមួយៗតភ្ជាប់គ្នា និងចែករំលែកទិន្នន័យរវាងគ្នា និងគ្នា នៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ជំរុញការផ្តល់សេវាអេឡិចត្រូនិកប្រកបដោយប្រសិទ្ធភាព នៅក្រោមក្របខ័ណ្ឌ និងគោលការណ៍ច្បាស់លាស់, តម្លាភាព និង ភាពជឿទុកចិត្តបាន។
លោកបណ្ឌិត បានបន្ថែមថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៤ នេះ, សមាជិកស្វ័យប្រវត្តិ និងមិនស្វ័យប្រវត្តិនៃថ្នាល CamDX សរុបមានចំនួន៦២ ដោយក្នុងនោះសមាជិកស្វ័យប្រវត្តិក្នុងវិស័យសាធារណៈ មានចំនួន ៣០ ជាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ដែលបានបញ្ចូលសេវាសាធារណៈអាទិភាពរបស់ខ្លួនដែលត្រូវការញឹកញាប់ និងជាប្រចាំចំនួន ៣១ សេវា រួចមកហើយ ហើយបាននិងកំពុងបញ្ចូលសេវាសាធារណៈចំនួន ១០បន្ថែមទៀត។ ទន្ទឹមនេះសមាជិកមិនមែនស្វ័យប្រវត្តិ គឺតាមរយៈការស្នើសុំចូលរួមពីវិស័យឯកជន ជាពិសេសពីវិស័យហិរញ្ញវត្ថុ, ធនាគារ និងធានារ៉ាប់រង មានចំនួន ៣២ ស្ថាប័ន។
ស្របជាមួយគ្នានេះលោកបណ្ឌិត តាំង ងួនលី បានបញ្ជាក់ដែរថា ប្រព័ន្ធ e-KYB មានលក្ខណៈស្រដៀងទៅនឹងប្រព័ន្ធ e-KYC ដែរ ដោយប្រព័ន្ធនេះអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ជាពិន្ទុលើអត្តសញ្ញាណ, ស្ថានភាព, អនុលោមភាពច្បាប់របស់ក្រុមហ៊ុន សហគ្រាស ភាពពាក់ព័ន្ធនឹងបុគ្គល ឬក្រុមហ៊ុន សហគ្រាសដទៃ និងគ្របដណ្តប់ដល់ការចុះបញ្ជីពាណិជ្ជកម្ម និងការចុះបញ្ជីពន្ធដារ ជាពិសេសលើការពិនិត្យអនុលោមភាពនៃការប្រឆាំងការលាងលុយកខ្វក់ និងកាតព្វកិច្ចពន្ធដារជាដើម ដែលទិន្នន័យទាំងនេះគណនាពីទិន្នន័យដែលមានស្រាប់របស់ក្រុមហ៊ុន សហគ្រាសពីប្រព័ន្ធរបស់ក្រសួង ស្ថាប័នទាំង៣ និង មិនប៉ះពាល់ដល់ឯកជនភាពនៃទិន្នន័យទេ។
ប្រព័ន្ធ e-KYB នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងវិស័យសាធារណៈ ក៏ដូចជាវិស័យឯកជន ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងជាដើម ដើម្បីធ្វើឱ្យវិស័យសាធារណៈនិងវិស័យឯកជន អាចធ្វើការងារប្រទាក់ក្រឡាជាមួយគ្នាបានជាចង្កោមនៃអង្គតែមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រាប់ធុរកិច្ច តាមរយៈផ្ទាល CamDX ។
ប្រព័ន្ធ e-KYB ជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈពិសេសក្នុងការផ្ទៀងផ្ទាត់បែបឌីជីថល ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព ដោយទិន្ន័យរបស់សហគ្រាស ត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងទិន្នន័យគោល នៃក្រសួង ស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលដោយស្វ័យប្រវត្តិ រហ័ស ច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។ ប្រព័ន្ធ e-KYB នឹងដាក់ដំណើរការសាកល្បង ដោយមិនគិតកម្រៃសេវា ជាបណ្តោះអាសន្ន នៅក្នុងដំណាក់កាលនេះរហូតដល់មានមូលដ្ឋានគ្រប់គ្រាន់ ឈានដល់ដំណាក់កាលបន្ទាប់លើការគិតគូរប្រមូលកម្រៃសេវា ដោយក្រសួង ស្ថាប័នសាមីដែលជាបុគ្គលគ្រប់គ្រងទិន្នន័យផងដែរ៕