(ព្រះវិហារ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកញ្ញានេះ បានបញ្ជាក់ពីគោលជំហររបស់កងទ័ពថា ដើម្បីឆ្លើយតបនឹងការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កម្លាំងកងទ័ពទាំងអស់ប្រកាសគាំទ្រ និងប្ដេជ្ញាការពារមិនឱ្យមានអ្នកនយោបាយណា មកផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់នេះបានឡើយ។
ការលើកឡើងនេះ ដោយសារតែមានការបញ្ជាក់ នូវទឹកចិត្តដ៏ក្លៀវក្លារបស់កងទ័ពថា ត្រូវតែការពារឱ្យខាងតែបាននូវច្បាប់រដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ដែលកើតចេញពី ការបោះឆ្នោតស្របច្បាប់របស់ប្រជាពលរដ្ឋ និងប្រឆាំងដាច់ខាត ចំពោះគណបក្សនយោបាយណា អ្នកនយោបាយអគតិណា ដែលចង់ផ្ដួលរំលំរដ្ឋាភិបាលបំផ្លាញសន្តិភាព បង្កអស្ថិរភាព និងបំផ្លាញការអភិវឌ្ឍប្រទេសកម្ពុជា។
ការបញ្ជាក់យ៉ាងមុតមាំនេះ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងការងារ បាននាំយកជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអំណោយថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងការជួយឧបត្ថម្ភពីបណ្តាលគ្រឹះស្ថាន និងក្រុមហ៊ុននានា ចុះចែកដល់ក្រុមគ្រួសារនាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងនៅកងពលតូចអន្តរាគមន៍លេខ៧ ទីបញ្ជាការកងពល ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោករដ្ឋមន្រ្តី អ៉ិត សំហេង ក៏បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រាប់ដល់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ផងដែរ ដែលសម្ដេចទាំងពីរតែងតែនឹករឭក និងដឹងពីសុខទុក្ខពួកគាត់ជានិច្ច និងបានឧបត្ថម្ភមធ្យោបាយជាបន្តបន្ទាប់មក។
លោករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ ដែលជាប្រចាំការនៅសមរភូមិក្រោយនោះ នៅតែចាំជួយផ្គត់ផ្គង់ ទំនុកបម្រុង ឧបត្ថម្ភមធ្យោបាយនានា ជូនដល់កងទ័ពក្នុង សមរភូមិមុខនេះគ្រប់ពេល ពិសសេសមិនទុកឱ្យកងទ័ព ទាំងអស់រស់នៅឯកាឡើយ។
ឆ្លើយតបនឹងការលើកឡើងដ៏ពេញចិត្តខាងលើ នាយទាហាន ពលទាហានដែលចូលរួមក្នុងឱកាសនោះ បានបញ្ជាក់ពីការប្ដេជ្ញាគាំទ្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងថ្នាក់ដឹកនាំទាំងអស់ ដែលកើតចេញពីការបោះឆ្នោតស្របនឹងឆន្ទៈ របស់ប្រជាពលរដ្ឋ និងច្បាប់រដ្ឋធម្មនុញ្ញ ហើយប្រឆាំងយ៉ាងដាច់ខាត ទៅនឹងអ្នកនយោបាយទាំងឡាយណា ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះ។
សូមជម្រាបថា ការចុះសួរសុខទុក្ខ ក៏ដូចជាការជួយទំនុកបម្រុង ផ្គត់ផ្គង់ ឧបត្ថម្ភរបស់រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងការងារនេះ ត្រូវបានធ្វើឡើង២ដង ក្នុង១ឆ្នាំៗ ក្នុងគោលបំណងពង្រឹងស្មារតី ក៏ដូចជាការពាំនាំនូវអំណោយ គ្រឿងឧបភោគ-បរិភោគជូនដល់ នាយទាហាន ពលទាហានទាំងអស់ ដែលប្រចាំការនៅសមរភូមិមុខ តាមព្រំដែនកម្ពុជា ពិសេសក្នុងថ្ងៃបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្យនេះតែម្ដង៕