(សៀមរាប)៖ ស្ថានីយស្តុកប្រេងឥន្ធនៈត្រៀមបម្រុងសម្រាប់ផ្គត់ផ្គង់បម្រើឱ្យសកម្មភាពកងយោធពលខេមរភូមិន្ទនៅទិសយោធភូមិភាគទី៤ មួយកន្លែង ជាអំណោយរបស់អគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងធ្វើពិធីប្រគល់ ទទួលដល់អង្គភាពទីបញ្ជាការយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាគង ខេត្តសៀមរាប។
ពិធីសម្ពោធនេះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកអគ្គនាយកដ្ឋានភស្តុភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពីសំណាក់នាយទាហានជាន់ខ្ពស់ជំនាញរបស់ភាហិរញ្ញវត្ថុរបស់ក្រសួងការពារជាតិ និងយោធភូមិភាគ៤ ជាច្រើនរូប។
បើតាមឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៤ និងឧត្តមសេនីយ៍ទោ នួន សុខូ នាយក នាយកដ្ឋានប្រេងឥន្ធនៈក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ស្ថានីយស្តុកប្រេងត្រៀម ដែលត្រូវធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មានទំហំ ១០៨ម៉ែត្រការ៉េ (មានទទឹង ៨.៤ម៉ែត្រ និងបណ្តោយ ១២.៨៨ម៉ែត្រ) បំពាក់ស៊ីទែនចំនួន ២គ្រឿង អាចស្តុកទុកប្រេងឥន្ធនៈបានចំនួន១៥,០០០លីត្រ។
ស្ថានីយនេះចាប់ផ្ដើមសាងសង់ពីថ្ងៃទី២១ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានរយៈពេល ១២៣ថ្ងៃ ដោយសាងសង់ស្របទៅតាមបទដ្ឋានស្តង់ដាបច្ចេកទេស រួមទាំងការតភ្ជាប់បណ្តាញអគ្គីសនីចូល និងប្រព័ន្ធអគ្គីសនីប្រើផ្នែកខាងក្នុងដោយបានបំពាក់សម្ភារៈការពារ និងពន្លត់អគ្គីភ័យ(ម្សៅភ្ជួរ បំពង់ពន្លត់) ជាដើម ដើម្បីបញ្ជៀសពីហានិភ័យណាមួយដែលកើតមានឡើងដោយយថាហេតុ។
ថ្លែងក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរវាងថ្នាក់ដឹកនាំ នាយកដ្ឋានប្រេងឥន្ធនៈ និងសហការី ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ដោយបានយកចិត្តទុកដាក់ខ្ពស់សម្រេចបាននូវបទបញ្ជាថ្នាក់ដឹកនាំ ក្នុងការងារកសាងស្ថានីយ៍ស្តុកប្រេងឥន្ធនៈត្រៀមនេះឡើង។
ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានលើកឡើងថា អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានយកចិត្តទុកដាក់បំពេញការងារតាមតួនាទីយ៉ាងសកម្ម ដើម្បីបម្រើគាំទ្រ ដោះស្រាយ ផ្គត់ផ្គង់ និងធានាជីវភាពជូនទូទាំងកងយោធពលខេមរភូមិន្ទ។ ក្នុងនោះភារកិច្ចទទួលខុសត្រូវលើការធានាប្រេងឥន្ធនៈជូនកងយោធពលខេមរភូមិន្ទទាំងមូល មិនមែនជាការងារសាមញ្ញពេកនោះទេ ក្នុងនាមជាសេនាធិការឱ្យក្រសួងការពារជាតិ គ្រប់គ្រង និងទទួលខុសត្រូវទាំងស្រុងលើជំនាញប្រេងឥន្ធនៈគ្រប់ប្រភេទ សម្រាប់ប្រើប្រាស់ទូទាំងកងយោធពលខេមរភូមិន្ទ កសាងផែនការសេចក្តីត្រូវការប្រេងឥន្ធនៈ ផ្គត់ផ្គង់ បែងចែកដល់បណ្តាប្រភេទទ័ព និងសម្របសម្រួលដោះស្រាយកិច្ចការធានាប្រេងឥន្ធនៈឱ្យបានសមស្របទៅតាមការវិវត្តនៃសភាពការណ៍និងសំណូមពរភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានលើកឡើងពីរចក្ខុវិស័យលើការងារធានាភស្តុភារ ហិរញ្ញវត្ថុនិយាយជារួម និងនិយាយដោយទ្បែកជំនាញប្រេងឥន្ធនៈ គឺជាចក្ខុវិស័យក្នុងការជំរុញឱ្យគ្រប់បណ្តាអង្គភាពដែលមានរថយន្ត រថក្រោះ រថពាសដែក ត្រូវតែមានស្ថានីយស្តុកប្រេងនៅក្នុងអង្គភាព ប៉ុន្តែដោយលទ្ធភាពថវិកាជាតិមានកម្រិតផងនោះ មិនបានដាក់ចូលគ្រោងក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំនោះទេ។
ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ម៉ឹង ពន្លករំលឹកដល់មេបញ្ជាការ ពិសេសជំនាញដែលត្រូវទទួលខុសត្រូវលើការប្រើប្រាស់ប្រេងឥន្ធនៈ និងការថែទាំស្ថានីយស្តុកប្រេងត្រៀម ឱ្យមានការប្រើប្រាស់ប្រេងឥន្ធនៈ (ប្រេងត្រៀម) ឱ្យបានត្រឹមត្រូវសម្រាប់ត្រៀមធានាដល់ការចល័ត មធ្យោបាយគ្រឿងចក្រធុនធ្ងន់ ធុនស្រាល របស់អង្គភាពដើម្បីអនុវត្តបទបញ្ជាតាមសំណូមពរ និងការងារចាំបាច់បន្ទាន់ៗ របស់កងយោធពលខេមរភូមិន្ទ។ ជាមួយគ្នានេះក៏ត្រូវម្ចាស់ការលើការគ្រប់គ្រង ថែរក្សាទាំងគុណភាព និងបរិមាណឱ្យបានត្រឹមត្រូវ តាមលក្ខណៈស្តង់ដា ដើម្បីធានាក្នុងការអនុវត្តការងារសម្រេចបានតាមបទបញ្ជា។ ស្ថានីយស្តុកប្រេងត្រៀមនេះ អាចប្រើប្រាស់បាននៅពេលបានទទួលបទបញ្ជាពី ថ្នាក់ដឹកនាំក្រសួងការពារជាតិ ឬអគ្គបញ្ជាការដ្ឋាន ឬកងទ័ពជើងគោក សម្រាប់ចល័តកម្លាំង គ្រឿងចក្រ ក្នុងការអនុវត្តបទបញ្ជាដែលមិនអាចខកខានបាន ។
ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ក៏បានចុះពិនិត្យមើលផ្ទះបាយរបស់យោធភូមិភាគ៤, ឃ្លាំងផ្គត់ផ្គង់ភស្តុភា និងបានអញ្ជើញចុះសាកសួរសុខទុក្ខក្រុមគ្រូពេទ្យ និងយុទ្ធជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យយោពភូមិភាគទី៤ ហើយបានផ្ដល់នូវអំណោយរបស់អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រុមគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ មាន-ត្រីខ ចំនួន២០០គីឡូក្រាម ស្មើនឹង ១០កេស អង្ករចំនួន២តោន ថវិកា ចំនួន៥លានរៀល ម៉ូតូស៊ីទែនដឹកប្រេងឥន្ធនៈ ០១គ្រឿង ឧបត្ថម្ភដល់ក្រុមកងកិត្តិយសថវិកា ៥៦ម៉ឺនរៀល ជូនដល់មន្ទីរពេទ្យយោធភូមិភាគទី៤ ថវិកា ១លានរៀល និងជូនអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល ផងដែរ៕