(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រីក្រសួង​ព្រះបរម​រាជវាំង បានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ៨៖៣៥នាទី ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

បន្ទាប់ពីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ នៅគេហ​ដ្ឋាន​អស់រយៈពេលប្រមាណ៥ថ្ងៃ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សពសម្តេចចៅ​ហ្វា​វាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានរៀបចំពិធីបូជាហើយនៅវត្តជម្ពូវ័ន។

មរណភាពរបស់សម្តេច គង់ សំអុល បាននាំមកនូវការស្តាយស្រណោះអាឡោះអាល័យ​ជាពន់ពេកពី​សំណាក់​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នរបស់ជាតិ។

សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ដែលជាស្វាមី ឪពុក ជីតា ជីតាទួត និងជាគ្រូបាធ្យាយគំរូដ៏ប្រសើរមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សេចក្តីស្មោះសរ និងអធ្យាស្រ័យខ្ពស់ ចំពោះក្រុមគ្រួសារ ដែលកន្លងមក សម្តេចតែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីខិតខំចិញ្ចឹមបីបាច់ថែរក្សា និង អប់រំទូន្មានប្រៀនប្រដៅបុត្រីធិតា និងចៅៗរហូតបានក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

ថ្នាក់ដឹកនាំជាតិ និងមន្ត្រីរាជការ បានចាត់ទុកមរណភាពសម្ដេចចៅហ្វាវាំង ជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគំរូដ៏ ឆ្នើមមួយរូប ប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលក្នុង​មួយជីវិត សម្តេច បានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិ និងប្រជាជន ពិសេសក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត ក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាម អង្គព្រះមហាក្សត្រ និងហ្លួងម៉ែ​ជា​អម្ចាស់​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានជោគជ័យជាច្រើនលើកិច្ចការជាតិ និងអន្តរជាតិ​ដើម្បី​ជា​ប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ និងប្រជាជនរហូតមក ព្រមទាំងបានចូលរួមចំណែក​ដ៏ធំ​ធេង និងយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ តាមរយៈការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយសមាគម​កាកបាទក្រហមកម្ពុជា។

ខាងក្រោមនេះ ជាជីវប្រវត្តិសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល៖