(ភ្នំពេញ)៖ ទារកម្នាក់ ដែលនៅរស់រានមានជីវិតនៅឡើយ ត្រូវបានអ្នកចូលទៅបត់ជើង ប្រទះឃើញ នៅថ្ងៃត្រង់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងអាគាររោងចក្រទំនេរមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ទារកនោះ ទើបនិងកើតចេញមកបានប៉ុន្មានថ្ងៃប៉ុណ្ណោះ មានអវៈយវៈគ្រប់គ្រាន់ ប៉ុន្តែមានសុខភាពមិនសូវល្អនោះទេ ហើយត្រូវបានគេយកទៅប្លុងចោល នៅក្នុងដីឡូត៏រោងចក្រទំនេរខាងលើ ដោយរុំកន្សែង ដាក់នៅក្នុងបូបយួរមួយ ដែលសង្ស័យថាអ្នកយកទៅប្លុងចោលនោះគឺជា ឪពុកម្ដាយរបស់គេ ម្យ៉ាងទៀតប្រសិនបើមិនមានអ្នកប្រទះឃើញ ទាន់ពេលវេលាទេនោះ ទារកនោះអាចនឹងស្លាប់ជាមិនខាន។
ប្រភពដដែលបានសង្ស័យថា ឪពុកម្ដាយយកទៅប្លុងចោលនៅទីនោះ ប៉ុន្តែមិនដឹងថា មានមូលហេតុអ្វីទើបបានជា ដាច់ចិត្តយកកូនទៅបោះចោលឡើយ តែមានមនុស្សជាច្រើនបានសង្ស័យថា ឪពុកម្ដាយទារកនោះ ស្រលាញ់គ្នាលួចលាក់ រហូតជ្រុលជ្រួស មានផ្ទៃពោះ ហើយដោយសារខ្លាចខ្មាស់គេ ទើបពេលកូនកើតមក សម្រេចចិត្តនាំយកទៅបោះចោលតែម្ដង។
ក្រោយមក ត្រូវបានរថយន្តសង្គ្រោះទៅដឹកយកទៅ សង្គ្រោះបន្ទាន់នៅ ក្នុងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ទើបមានស្រ្តីម្នាក់ សុំយកទីចិញ្ចឹមធ្វើជាកូនបង្កើតរបស់ខ្លួនតែម្ដង៕