(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ បានលើកឡើងថាការងារស្រូវ-អង្ករ គឺជាការងារអន្តរស្ថាប័នទាំងរដ្ឋនិងវិស័យឯកជន ទាមទារការសហការគ្នាល្អពិនិត្យលើបញ្ហាប្រឈម តាមរយៈការក្តោបព័ត៌មានគ្រប់ជ្រុងជ្រោយ។

ការថ្លែងបែបនេះរបស់លោក ធ្វើឡើងនាឱកាសដែលលោកបានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានវត្តមានចូលរួមរបស់ លោកឧញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ការងារស្រូវ-អង្ករគឺជាការងារអន្តរស្ថាប័នទាំងរដ្ឋនិងវិស័យឯកជន ដែលទាមទារឲ្យមានការសហការគ្នាល្អ រួមគ្នាពិនិត្យលើបញ្ហាប្រឈមនានា វិភាគវាយតម្លៃឱ្យបានច្បាស់លាស់ តាមរយៈការក្តោបព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីពិភាក្សារកដំណោះស្រាយមានរយៈពេលវែងទទួលយកបានទាំងអស់គ្នា និងមានផលប្រយោជន៍រួមជាលក្ខណៈសេដ្ឋកិច្ច ទាំងសម្រាប់វិស័យឯកជន​​ និងសេដ្ឋកិច្ចជាតិ។ អង្គប្រជុំនេះ មានរបៀបវារៈចំនួន ៣សំខាន់រួមមាន៖ ផ្នែកផលិតកម្មនិងការដាំដុះ, ផ្នែកផលិតកម្ម-ការកិនកែច្នៃ និងផ្នែកពន្ធដារក្នុងវិស័យស្រូវអង្ករ។

សហគមន៍អ្នកផលិតតំណាងរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ និងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្ដាប់និងពិភាក្សាយ៉ាងលម្អិតលើរបៀបវារៈទាំង៣ និងសំណើរបស់ភាគីឯកជន មុននឹងលោករដ្ឋមន្ដ្រី សហប្រធានក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម-ឈ) ផ្ដល់ជម្រើសដំណោះស្រាយចំពោះសំណើនីមួយៗ។

ចំពោះសំណើមួយចំនួនដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ឌិត ទីណា បានផ្ដល់អនុសាសន៍ដល់ភាគីឯកជន លើកយកទៅប្រជុំពិភាក្សាជាមួយក្រុមការងារទទួលបន្ទុក ដើម្បីទទួលបានដំណោះស្រាយដែលមានលក្ខណៈប្រាកដនិយមអាចអនុវត្តបាន និងទទួលបានផលចំណេញទាំងអស់គ្នា៕