(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងខិតខំសម្រេចការងារបំពាក់អំពូលភ្លើង បំភ្លឺតាមផ្លូវសាធារណៈចំនួនជាង១៤០០០អំពូល ដោយបានរួចរាល់ នៅមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិមកដល់។
ការថ្លែងរបស់លោក ប៉ា សុជាតិវង្ស យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលលោក អនុញ្ញាតឲ្យក្រុមស្ថាបនិក របស់សហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ចូលទស្សនា ម៉ាកែត គំរូប្លង់ Master Plan ការអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក ប៉ា សុជាតិវង្ស បានថ្លែងបញ្ជាក់ថា លោកទទួលស្គាល់ថា នៅភ្នំពេញបច្ចុប្បន្ន នៅតាមផ្លូវមានអំពូលភ្លើងខ្លះដាច់ ខ្លះភ្លឺ ប៉ុន្តែបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការកែលម្អយ៉ាងយកចិត្តទុកដាក់បំផុត ដោយយ៉ាងយូរមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មកដល់នៅរាជធានីភ្នំពេញ នឹងមានភ្លើងភ្លឺព្រោងព្រាត ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅពេលយប់។
ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់លើបញ្ហា ភ្លើងបំភ្លឺសាធារណៈនេះ៕