(ស៊ីលី)៖ នៅព្រឹកទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី។

នៅក្នុងកិច្ចសម្ភាសន៍នោះ អគ្គលេខាធិការអាស៊ាន បានជម្រាបជូនពីគោលបំណងនៃទស្សនកិច្ចរបស់គាត់ ក្នុងនាមជាអគ្គលេខាធិការអាស៊ានទី ១ ដែលមកធ្វើទស្សនកិច្ចនៅប្រទេសស៊ីលី និងតំបន់អាមេរិកឡាទីននេះ។

លោកក៏បានពិភាក្សាអំពីវិស័យ ដែលអាចធ្វើរួមគ្នាបាន ដើម្បីពង្រឹងភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី ដូចជា ការជំរុញពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការតភ្ជាប់ឱ្យកាន់តែប្រសើរជាងមុន។ លោកបណ្ឌិត កៅ គឹមហួន ក៏បានចែករំលែកទស្សនៈរបស់គាត់ អំពីសំណើរបស់ស៊ីលីសុំចូលក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។

បន្ទាប់មកទៀត បណ្ឌិត កៅ គឹមហួន បានធ្វើបាឋកថានៅសាកលវិទ្យាល័យស៊ីលី ស្តីពីការវិវត្តន៍របស់អាស៊ាន ក្នុងនាមជាសហគមន៍ ដោយបានជម្រាបជូនពីគោលបំណងចំបង ក្នុងការបង្កើតអាស៊ាន ដើម្បីធានាថា ប្រទេសនានា នៅក្នុងតំបន់គ្មានជម្លោះ តាមរយៈការស្វែងរកការអភិវឌ្ឍសេដ្ឋកិច្ច។

អគ្គលេខាធិការអាស៊ាន ក៏បានចែករំលែកពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងកំពុងបន្តរបស់អាស៊ាន ក្នុងការថែរក្សាតួនាទីរបស់ខ្លួន ជាកម្លាំងចលករក្នុងការរៀបចំនិម្មាបនកម្មតំបន់ ចំពេលដែល បរិយាកាសយុទ្ធសាស្ត្រកំពុងប្រែប្រួល រួមទាំងតាមរយៈចក្ខុវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ជាដើម។

លោកបណ្ឌិត កៅ គឹមហួន ក៏បានគូសបញ្ជាក់អំពីសក្តានុពលដែលមិនទាន់បានប្រើប្រាស់ ដែលអាស៊ាន និងស៊ីលីអាចធ្វើរួមគ្នាបាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ។

លុះដល់រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី បណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក Rodrigo Yañez អគ្គលេខាធិការសហព័ន្ធ ឧស្សាហកម្មស៊ីលី (SOFOFA)។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្តោតលើវិធានការដែលអាចធ្វើទៅបាន និងបានរិះរកសកម្មភាពកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ រវាងអាស៊ាន និងស៊ីលី។

នៅរសៀលថ្ងៃដដែល បណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមពិសាបាយការងារ ដែលសហការរៀបចំដោយសហព័ន្ធឧស្សាហកម្មស៊ីលី SOFOFA និងសមាគមអ្នកនាំចេញសាច់ស៊ីលី Chile Carne។

នៅក្នុងឱកាសនោះ ភាគីទាំងអស់បានផ្លាស់ប្តូរទស្សនៈជុំវិញការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ស៊ីលី និងបានស្វែងរកមើលវិស័យកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើទៅបានថ្មីៗ ដើម្បីបង្កើនការចូលរួមរវាងអាស៊ាន និងស៊ីលី។

បណ្ឌិត កៅ គឹមហួន បានបន្ដអញ្ជើញទៅទស្សនាស្នាក់ការកណ្តាលនៃគណៈកម្មការសេដ្ឋកិច្ចសម្រាប់តំបន់អាមេរិកឡាទីន និងការីប៊ីន (ECLAC) ព្រមទាំងបានជួបពិភាក្សាការងារ ជាមួយប្រធានគណៈកម្មការនេះ គឺលោក José Manuel Salazar-Xirinachs។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញកិច្ចសហប្រតិបត្តិការ និងកិច្ចសហការដែលអាចធ្វើទៅបានរវាងអាស៊ាន និង ECLAC នៅក្រោមក្របខណ្ឌភាពជាដៃគូ អភិវឌ្ឍន៍អាស៊ាន-ស៊ីលី។

បន្ទាប់មកទៀត បណ្ឌិត កៅ គឹមហួន ក៏បន្ដបានផ្តល់សន្ទរកថា នៅក្នុងសិក្ខាសាលាដែលបានរៀបចំនៅស្នាក់ការកណ្តាលនៃគណៈកម្មការសេដ្ឋកិច្ចសម្រាប់តំបន់អាមេរិកឡាទីន និងការីប៊ីន (ECLAC) ។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ក្នុងចំណោមប្រទេសដៃគូផ្លូវការទាំង ២៥ របស់អាស៊ាន មាន ១៤ ប្រទេសហើយដែលជាសមាជិក ECLAC។ លោកបានចែករំលែកពីផលប្រយោជន៍រួម ដែលអាស៊ានមានជាមួយប្រទេសដៃគូនៅក្នុងអាមេរិកខាងជើង និងអាមេរិកឡាទីន។

ជាមួយគ្នានេះដែរ លោកក៏បានគូសបញ្ជាក់ពីកាលានុវត្តភាព ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ជុំវិញសន្តិភាព វិបុលភាព ភពផែនដី ប្រជាជន ភាពជាដៃគូ និងសក្តានុពល សម្រាប់ជាប្រយោជន៍ទៅវិញទៅមក៕