(ភ្នំពេញ)៖ ក្រសួងទេសចរណ៍រំពឹងថា នឹងមានកើនឡើងនៃភ្ញៀវទេសចរអន្ដរជាតិចិន មកកាន់កម្ពុជា នៅពេលមានជើងហោះហើរថ្មីមួយ ពីខេត្តក្វាងចូវ ប្រទេសចិន ដែលនឹងធ្វើការហោះហើរត្រង់មកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦។
លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងនៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងសន្និសិទការសែត ស្ដីពីការបើកជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines បានឲ្យដឹងថា ការតភ្ជាប់ជើងហោះហើរនេះ នឹងជួយជំរុញនូវកំណើនទេសចរណ៍អន្ដរជាតិយ៉ាងច្រើន។
លោកបានឲ្យដឹងថា «ការតភ្ជាប់នេះសំខាន់ណាស់ សម្រាប់ការរួមចំណែក ជម្រុញកំណើនភ្ញៀវទេសចរ ក៏ដូចជាកំណើនសេដ្ឋកិច្ច អ្នកវិនិយោគមកកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ តម្លៃនៃកាហោះហើរ ត្រឹមតែ៩០ដុល្លារតែប៉ុណ្ណោះ»។
លោកបានបញ្ជាក់ថា វិស័យទេសចរណ៍ប្រទេសចិន គឺជាប្រភពទីផ្សារទេសចរណ៍ដ៏ធំរបស់កម្ពុជា និងជាទីផ្សារសំខាន់បំផុត របស់កម្ពុជាក៏ដូចជាតាមដំបន់។ លោកបានបន្ដទៀតថា កាលពីឆ្នាំ២០១៥កន្លងទៅ ទេសចរអន្ដរជាតិ បានចូលមកទស្សនាកម្ពុជា មានចំនួន ៤.៧លាននាក់ទទួលបានកំណើនចំនួន៦.១ភាគរយ បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ដោយក្នុងនោះមានទេសចរចិនចំនួន៨១៩,៦១៨នាក់ កើន១៧.១ភាគរយបើធៀបនឹងឆ្នាំ២០១៤ នេះគឺជាសន្ទុះមួយយ៉ាងធំ។
លោក សូ ម៉ារ៉ា បានថ្លែងបន្ដទៀតថា ភ្ញៀវទេសចរចិនឈរក្នុងលំដាប់ថ្នាក់លេខ២ ក្នុងចំណោមទេសចរទាំង១០ ដែលបានមកទស្សនាកម្ពុជា ហើយរយៈពេល៧ខែដើមឆ្នាំ២០១៦នេះ ចំនួនភ្ញៀវទេសចរអន្ដរជាតិ បានមកកម្ពុជាចំនួន២.៧លាននាក់ កើនឡើង៣.៤ភាគរយដោយក្នុងនោះភ្ញៀវទេសចរចិនចំនួន ៤៤៤,៩៥៧នាក់កើនឡើង១២.៤ភាគរយ នេះបើធៀបក្នុងរយៈពេល៧ខែដូចគ្នានៃឆ្នាំ២០១៥។
សូមបញ្ចាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines ជាសហគ្រាសឯកជន ដ៏ធំមួយរបស់ចិនដែលត្រូវបានគ្របដណ្ដប់ លើវិស័យអាកាសចរណ៍ ទេសចរណ៍ និងការធ្វើដំណើរ សណ្ឋាគារ វិនិយោគ ការតាំងពិព័រណ៍ ប្រព័ន្ធបង់ថ្លៃហិរញ្ញវត្ថុ និងជួលយន្ដហោះ៕