(កំពង់ធំ)៖ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បាននិងកំពុងបន្ត យុទ្ធនាការចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។
ជាក់ស្តែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារថ្នល់បត់ ភូមិថ្នល់បត់ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នៅក្នុងការចុះពិនិត្យរកទំនិញខូចគុណភាព នៅក្នុងផ្សារថ្នល់បត់នេះ គឺបានរកឃើញទឹកដោះគោ ខូចគុណភាព ម៉ាក AD milk ចំណុះ ១២៨ml ចំនួន១០ដប ផលិតនៅប្រទេសកម្ពុជា, ទឹកផ្លែឈើ ម៉ាក Jub Jib ចំណុះ ២២០ml ចំនួន២៩ដប ផលិតនៅប្រទេសថៃ, ទឹកក្រូចម៉ាក BIG LOLA ចំណុះ ៣.១ លីត្រ ចំនួន១ដប ផលិតនៅប្រទេសថៃ,ទឹកក្រូចម៉ាក Oxy ចំណុះ១,២៥លីត្រ ចំនួន៥១ដប ផលិតនៅប្រទេសកម្ពុជា។ ក្រោយពីការរឹបអូសបាន ទំនិញខូចគុណភាពដែលដកហូត ពីអាជីវករលក់ដូរនឹងយក ទៅកំទេចចោល។
ជាមួយគ្នានោះ ក្រុមការងារ ក៏បានចុះត្រួតពិនិត្យតូបលក់អង្ករចំនួន៤តូប ដែលមានពាក្យចរចាមអារាមថា មានអង្ករជាតិប្លាស្ទិចនោះ គឺមិនមានទេ។ មន្ត្រីកាំកុងត្រូល បានឲ្យបងប្អូនទាំងអស់ ដែលរកឃើញអង្ករមានជាតិប្លាស្ទិច យកមកលក់ឲ្យកាំកុងត្រូល នឹងឲ្យតម្លែមួយជាពីរ។
ជាមួយគ្នានេះមន្ត្រីកាំកុងត្រូល បានសំណូមពរ ដល់អាជីវករ ទាំងអស់ សូមកុំខឹងមន្រ្តីដែលចុះទៅពិនិត្យ និងដកហូតទំនិញ ខូចគុណភាព ទាំងនោះព្រោះថា បើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋ ប៉ុន្មាននាក់ ដែលទទួលទាន ហើយខូចសុខភាពនោះ។
លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ព្រោះរដូវនេះ ជារដូវបុណ្យទានផង គឺលក់ដូរ និងចែកចាយតែ ទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។
ជាមួយគ្នានោះដែរ មន្ដ្រីកាំកុងត្រូល បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែល បណ្តាលការ បរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ។
ជាមួយគ្នានោះដែរ នៅរសៀលដដែលនេះ មន្ត្រីកាំកុងត្រូលក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនៅកន្លែងតាំងពិព័រណ៍ទីរួមខេត្តកំពង់ធំ ដើម្បីរកទំនិញ និងផលិតផល ដែលខូចគុណភាព ដោយមន្ត្រីបានរកឃើញ នៅលើមឹកស្រក់មានដាក់សារធាតុ Formalin ធ្វើឲ្យមឹកស្រស់ ដែលមឹកទាំងនោះនាំចូលមកពីប្រទេសថៃ ។ ក្រោយពិនិត្យរួចមន្ត្រីកាំកុងត្រូល បានដកហូតមឹកចំនួន ៥០គីឡូក្រាម យកទៅបំផ្លាញចោល៕