(ពោធិ៍សាត់)៖ លោក អ៉ិន ចន្ថា រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពរ រយៈពេលធានាសុពលភាពគុណភាព ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ និងស្ពាន ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងផ្លូវក្រាលដីល្បាយក្រួស ១ខ្សែទៀត នៅស្រុក កណ្តៀង ខេត្តពោធិ៍សាត់។

ថ្លែងនាឱកាសនោះលោក អ៉ិន ចន្ថា បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារសាងសង់ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីឱ្យគ្រប់ភូមិជនបទទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចម្រាប់ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ និងក៏ជាការចូលរួមចំណែកដល់កំណើនសេដ្ឋជាតិ។

លោក អ៉ិន ចន្ថា បានបន្តថាបញ្ហានេះក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅបង្កើន គុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ និងជាសរសៃឈាមជួយជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។

តាមរយៈផ្លូវនិងស្ពានខាងលើនេះ លោក អ៉ិន ចន្ថា បានកោតសរសើរចំពោះនាយកដ្ឋានផ្លូវលំនៅជនបទ ដែលបានយកចិត្តដាក់ខ្ពស់ក្នុងការថែទាំងផ្លូវ និងស្ពានទាំងនោះបានល្អប្រសើរ ដែលនេះគឺជាការធានាដល់ ការប្រើប្រាស់គ្រប់រដូវកាល សម្រាប់ជាប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាការផ្តល់ប្រយោជន៍សាធារណៈផងដែរ។

នៅក្នុងការត្រួតពិនិត្យផ្លូវ និងស្ពានខាងលើនេះ, លោក អ៉ិន ចន្ថា និងគណៈកម្មាធិការអន្តរក្រសួងក៏បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនរូប ដោយក្នុងនោះលោកបានពាំនាំនូវ​ប្រសាសន៍​ផ្តាំផ្ញើសាក សួរសុខទុក្ខពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បិតា ស្ថាបនិកសន្ដិភាព ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចទាំងតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងជំនួបនេះដែរលោកបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ៕