(សៀមរាប)៖ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោក ជា ខន តំណាងក្រុមហ៊ុន អិកស៍ ឃែភីថល អ៉ិនវេសម៉ិន និងជាអនុប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដើម្បីបង្ហាញពីគម្រោងជួយជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារប្រទេសចិន នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

លោក ជា ខន បានលើកឡើងថា ក្រុមហ៊ុនស្នើសុំកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីសុំគោលការណ៍ថតរូបភាព និងវីដេអូខ្លីៗនៅតាមតំបន់ប្រាសាទ ដើម្បីយកទៅផ្សព្វផ្សាយនៅក្នុងទីផ្សារទេសចរណ៍ចិនឱ្យបានទូលំទូលាយ។ គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ទៅដល់ទេសចរចិន ដើម្បីជំរុញឱ្យពួកគេមកកម្សាន្តប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ដែលសម្បូរដោយប្រាង្គប្រាសាទបុរាណជាច្រើន។

បើតាមតំណាងក្រុមហ៊ុន ក្រោយពីថតរួចក្រុមហ៊ុនមានដៃគូសហការជាមួយក្រុមហ៊ុនធំៗនៅប្រទេសចិន ដើម្បីផ្សព្វផ្សាយឱ្យឆាប់រហ័ស និងទូលំទូលាយ ធ្វើយ៉ាងណាស្រូបទាញទេសចរចិនដែលជាទីផ្សារធំ មកកម្សាន្តប្រទេសកម្ពុជា។

ឆ្លើយតបទៅនឹងការងារនេះ លោក ឡុង កុសល បានរីករាយចំពោះគម្រោងខាងលើនេះ គឺស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីបង្កើនកំណើនទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តសៀមរាបឱ្យបានកាន់តែច្រើន៕