(សេអ៊ូល)៖ យោធាជើងទឹកនៃប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថាសាកសពរបស់មនុស្ស ទាំងបីអ្នកដែលស្ថិតនៅលើឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ ភាគខាងកើតកូរ៉េខាងត្បូង នៅយប់ថ្ងៃចន្ទ ត្រូវបានរកឃើញហើយ។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។
មន្រ្តីយោធាជើងទឹកម្នាក់ បានប្រាប់អ្នកសារព័ត៌មានថា នៅវេលាម៉ោងប្រហែល៦៖០០នាទីល្ងាច ថ្ងៃអង្គារ គេបានរកឃើញសាកសពពីឡុតម្នាក់ ហើយនៅម៉ោង១២៖២១នាទីរំលងអាធ្រាត ឈានចូល ថ្ងៃពុធ សាកសពពីឡុតមួយរូបទៀត ត្រូវបានគេរកឃើញតាមក្រោយ ខណៈនៅម៉ោង ៤៖២៨នាទី ទាបភ្លឺថ្ងៃដដែល គេក៏បានប្រទះឃើញសាកសពជនទីបី។
យោងតាមសេចក្តីថ្លែងការណ៍របស់យោធាជើងទឹកកូរ៉េខាងត្បូង បានឲ្យដឹងទៀតថា ពីធីបុណ្យសព របស់នាយទាហានទាំងបីរូប នឹងត្រូវប្រារព្ធឡើងនៅឯមន្ទីរពេទ្យយោធាមួយកន្លែង ស្ថិតនៅក្នុង រដ្ឋធានីសេអ៊ូល នៅថ្ងៃអាទិត្យសប្តាហ៍នេះ។ អគ្គមេបញ្ជាការប្រតិបត្តិការជើងទឹក (CNO) លោកឧត្តមនាវី Um Hyun-seong និងធ្វើជាអធិបតីភាពនៅក្នុងពីធីបុណ្យសពនេះ ដែលនឹងធ្វើឡើង សម្រាប់ លោក Kim Gyeong និង លោក Park Yoo-shin ដែលទាំងពីរនាក់គឺជាពីឡុត រួមជាមួយនឹងអ្នកគ្រប់គ្រងការហោះហើរម្នាក់ទៀត គឺលោក Hwang Seong-cheol។
ជាមួយគ្នានេះដែរ យោធាជើងទឹកកូរ៉េខាងត្បូង ក៏គ្រោងនឹងស្នើឲ្យក្រសួងការពារជាតិរបស់ប្រទេសខ្លួន ដំឡើងឋានន្តរស័ក្តិ ឲ្យអ្នកដែលបានបាត់បង់ជីវិតទាំងបីនាក់ មួយជាន់ថ្នាក់ទៀតផងដែរ។
គួរបញ្ជាក់ថា យោធិនជើងទឹកទាំងបីរូបបានបាត់ខ្លួន បន្ទាប់ពីឧទ្ធម្ភាគចក្រ Lynx របស់ពួកគេ បានធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន នៅភាគខាងកើតប្រទេសកូរ៉េខាងត្បូង នៅម៉ោង ៩៖០៥នាទីយប់ ថ្ងៃចន្ទ អំឡុងពេលធ្វើសមយុទ្ធយោធារួមរវាង អាមេរិក-កូរ៉េខាងត្បូង។ ទន្ទឹមគ្នានេះដែរយោធាជើងទឹក កូរ៉េខាងត្បូង កំពុងតែបន្តស្វែងរកមូលហេតុពិតដែលបានបណ្តាលឲ្យមាន ឧប្បដិហេតុដ៏គួរឲ្យ សោកស្តាយមួយនេះ ដែលបានឆក់យកជីវិតមនុស្សអស់បីនាក់ ហើយក៏បានផ្អាកមិនឲ្យធើ្វការហោះហើរ ឧទ្ធម្ភាគចក្រ Lynx ដែលនៅសល់ទាំង២០គ្រឿងទៀត ដែររហូតទាល់តែ ការស៊ើបអង្កេតបញ្ចប់រួចរាល់៕