(ព្រះសីហនុ)៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចព្រះឧត្ដមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា លោក ឆាត សុឆេត រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា។
ក្នុងនោះមន្ត្រីសង្ឃអមដំណើរដោយព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះញាណវង្ស សៅរ៍ មុនី ព្រះរាជាគណៈថ្នាក់ត្រី និងមានការចូលរួមពី លោក សូ ជុងហូរ ទីប្រឹក្សាក្រសួងធម្មការនិងសាសនា លោកអភិបាលគណ:អភិបាលស្រុកវាលរិញ លោកប្រធានមន្ទីរធម្មការនិងសាសនា បាននិមន្តអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីសង្ឃខេត្តព្រះសីហនុ មានព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និមន្តក្នុងពិធីសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃខេត្ត អំពីការប្រតិបត្តិធម៌វិន័យ ការអប់រំព្រះសង្ឃក្នុងវត្តអារាមក្នុងការប្រើសប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងពង្រឹងតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃខេត្ត ក្រុង ស្រុក និងព្រះចៅអធិការវត្ត ក្នុងខេត្តព្រះសីហនុ ចំនួន ៤០វត្តទូទាំងខេត្ត ដោយមានការនិមន្តនិងអញ្ជើញចូលរួមសរុប ៣៥០អង្គ/នាក់។
សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា បានមានសង្ឃដីកាថា៖
១៖ សម្តេចព្រះសង្ឃនាយកស្តីទី បានផ្តាំផ្ញើនូវការ
សាកសួរសុខទុក្ខរបស់សម្តេចផ្ទាល់ចំពោះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានខេត្តព្រះសីហនុ និងព្រះសង្ឃ ដូនជី តាជី លោកអាចារ្យ គព:កម្មការវត្តគ្រប់អារាមក្នុងខេត្តព្រះសីហនុទាំងមូល ព្រមទាំងពុទ្ធបរិស័ទទាំងអស់។
២៖ តើការសាងផ្នួសដើម្បីអ្វី?
ក- ការបួសដើម្បីតបស្នងសងគុណមាតាបិតាបុព្វការីជន ។
ខ-ការបួសដើម្បីសិក្សារៀនសូត្របរិយត្តិធម៏យកចំណេះដឹង ទាំងផ្លូលោកផ្លូវធម៌ ពុទ្ធវចន:មាននៅក្នុងព្រះត្រៃបិដក
ដែលព្រះសម្ពុទ្ធបានសម្តែងនិងបញ្ញត្តិទុកមកហើយ ធ្វើខ្លួនឱ្យជាអ្នកចេះដឹង ជាគ្រូ ជាគំរូល្អរបស់មហាជន និងជួយផ្សព្វផ្សាយនូវធម៌វិន័យនោះៗឱ្យទូលំទូលាយដល់មហាជន។
គ-បួសដើម្បីជួយទ្រទ្រង់ អភិរ័ក្ស ថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរឱ្យបានល្អនិងគង់វង្ស។
ឃ-ដើម្បីជួយសង្គមរួមមាន : ចុះអប់រំសីលធម៌ដល់សិស្សានុសិស្សតាមសាលារៀន និងពុទ្ធបរិស័ទតាមសហគមន៍នានាសំដៅរួមចំណែកលើកកម្ពស់តម្លៃគុណធម៌ក្នុងសង្គមខ្មែរ ព្រមទាំងជួយកិច្ចការមនុស្សធម៏ ជួយឧបត្ថម្ភកាកបាទក្រហម និងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ ល។
ង-បួសដើម្បីបន្តអាយុកាលពុទ្ធសាសនាតទៅទៀត ព្រោះថា បើកាលណាបាត់បង់អ្នកបួសហេីយ ពុទ្ធសាសនាក៏រុះរោយបន្តិចម្តងៗតាមនោះដែរ ដូច្នេះអ្នកបួសជានិមិត្តរូបដ៏សំខាន់របស់ពុទ្ធសាសនាគ្រប់សម័យកាល។ ច- បួសដើម្បីរលាស់ខ្លួនឱ្យរួចចាកទុក្ខ។
៣៖ នៅពេលណាដែលយើងនិយាយពីតម្លៃពុទ្ធសាសនា គឺយើងត្រូវក្រឡេកមើលឥរិយាបថ ចរិយាមារយាទ ការប្រព្រឹត្តធម៌វិន័យរបស់ព្រះសង្ឃ ថាតើមានសីលធម៌ ចរិយាធម៌ និងគុណធម៌គួរដល់ការគោរពបូជាឬទេ?
តើជាបុញ្ញខេត្ត(ជាស្រែបុណ្យ) ដ៏ល្អឬទេ គួរសាបព្រួសនូវពូជបុណ្យឬទេ? បន្ទាប់ពីឃើញភាព
វិជ្ជមានជាច្រើនហើយរបស់ព្រះសង្ឃ នោះហើយជាតម្លៃរបស់ពុទ្ធសាសនា នោះហើយភាពគង់វង្សរបស់ពុទ្ធសាសនាតទៅមុខទៀតបាន។
៤៖ ដើម្បីក្លាយជាអ្នកដោះស្រាយអធិករណ៍ឱ្យបានល្អ គណ:សង្ឃមូលដ្ឋានត្រូវរកឱ្យឃើញនូវមូលហេតុនៃបញ្ហា កំណត់ឱ្យច្បាស់ថាតើបញ្ហានោះជាបញ្ហាអ្វី និងរកឱ្យឃើញពីវិធីដោះស្រាយ
ធ្វើយ៉ាងនេះយើងនឹងទទួលបាននូវលទ្ធផលល្អប្រសើប្រកបដោយភាពវិជ្ជមាន ទទួលយកបានទាំងអស់គ្នា។
៥៖ ការគោរពតួនាទីរបស់មន្ត្រីសង្ឃជារឿងសំខាន់បើគោរពតួនាទីបានល្អហើយ យើងនឹងទទួលបាននូវភាពជោគជ័យក្នុងក្របខ័ណ្ឌដឹកនាំពុទ្ធសាសនា។ តួនាទីដឹកនាំប្រៀបដូចទ្រនិចនាឡិកាប៉ោល ពោលគឺ តើទ្រនិចមួយណាចង្អុលម៉ោងទ្រនិចមួយណាចង្អុលនាទី និងទ្រនិចមួយណាចង្អុលវិនាទី? បើទ្រនិចណាមួយដើរខុសប្រក្រតីហើយ ជាលទ្ធផលនាឡិកាប៉ោលនោះពិតជាចង្អុលពេលវេលាមិនត្រឹមត្រូវទេ យ៉ាងណាមិញមន្ត្រីសង្ឃយើង បើធ្វើការដោយអនុវត្តខុសតួនាទីហើយ នោះវានឹងច្របូលច្របល់ បាយបិណ្ឌជាបាយបាត្រ ដឹកនាំមិនជោគជ័យទេ។ ដូច្នេះដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការដឹកនាំ
មន្ត្រីសង្ឃត្រូវអនុវត្តការងារតាមតួនាទីរបស់ខ្លួនដែលមានចែងក្នុងលិខិតបទដ្ឋានរបស់គណ:សង្ឃនាយកនិងក្រសួងធម្មការនិងសាសនាឱ្យបានគត់មត់។
៦៖មន្ត្រីសង្ឃចាំបាច់ត្រូវសហការការងារជាមួយអាជ្ញាធរក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ លើការងារដែលពាក់ពន្ធ័។
៧៖ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ទទួលយកព្រះរាជបញ្ញតិ្តរបស់ព្រះរាជាដែលបញ្ញតិ្តសម្រាប់នគរដែលព្រះអង្គគង់ប្រថាប់នៅព្រះអង្គមិនជំទាស់ឡើយ យ៉ាណាមិញ
ភិក្ខុសង្ឃក្នុងសាសនានេះ ក៏គប្បីគោរពតាមព្រះអង្គដែរ ពោលគឺត្រូវទទួលយកនិងអនុវត្តតាមច្បាប់រដ្ឋដែលមានចែងទាំងអស់ រួមទាំងធម៌វិន័យដែលព្រះពុទ្ធទ្រង់បានសម្តែងនិងបញ្ញត្តិផងដែរ។
៨៖ ការប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យាទំនើប របស់ព្រះសង្ឃដូចជាស្មាតហ្វូន( Smart Phone) កម្មវិធីហ្វេសប៊ុក (ហ្វេសប៊ុក) តិកតុក (Tik Tok) និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ត្រូវតែធ្វើឡើងឱ្យត្រឹមត្រូវតាមធម៌វិន័យ នាំមកនូវប្រយោជន៍ដល់ខ្លួន ពុទ្ធសាសនានិងសង្គម ជៀសវាងការប្រើប្រាស់ដោយខ្វះសីលធម៌ បាត់បង់ភាពជាសមណ:អ្នកបួស ធ្វើឱ្យប៉ះពាល់ដល់សទ្ធាពុទ្ធបរិស័ទ និងតម្លៃពុទ្ធសាសនា។
៩៖ មន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ ក្នុងមូលដ្ឋានខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការកែទម្រង់ អភិវឌ្ឍវិស័យពុទ្ធិកសិក្សាក្នុងខេត្តរបស់ខ្លួនឱ្យមានគុណភាព ព្រោះថា ពុទ្ធិកសិក្សាជាឆ្អឹងខ្នង នៃពុទ្ធសាសនា អ្នកបួសត្រូវតែទទួលបានការអប់រំឱ្យក្លាយជាអ្នកចេះដឹង បញ្ញាវ័ន្តសង្ឃ ហេីយអ្នកបួសមិនត្រូវស្ថិតក្នុងភាពល្ងង់ខ្លៅឡើយ ផ្ទុយទៅវិញអ្នកបួសត្រូវស្ថិតក្នុងពន្លឺភ្លឺស្វាងគឺវិជ្ជាខ្ពង់ខ្ពស់ នៅពេលដែលអ្នកបួសមានកម្រិតវិជ្ជាខ្ពង់ខ្ពស់ នោះពុទ្ធសាសនានឹងមានការរីកច្រើនដោយពិតប្រាកដ។
លោក ឆាត សុឆេត រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានពាំនាំការផ្តាំផ្ញើសួរសុខទុករបស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ចំពោះ សម្តេច ព្រះរាជាគណ: មន្ត្រីសង្ឃខេត្តព្រះសីហនុ និងអង្គពិធីទាំងមូល។
លោករដ្ឋលេខាធិការ បានលើកអំពីយុទ្ធបច្ចកោណទី១ មុំទី៥៖
១៖ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និង បរិយាប័ន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការធ្វើពលភាវូបនីយកម្ម ពលរដ្ឋ (People Revitalization) ឱ្យមានសមត្ថភាព ផលិតភាព សីលធម៌ គុណធម៌ ចរិយាធម៌ ភាពអំណត់ សុចរិតភាព វិន័យ និង ការទទួលខុសត្រូវខ្ពស់ និងការលើកកម្ពស់ស្មារតី និង មនសិការស្នេហាជាតិ ការពារជាតិ ឯកភាពជាតិ ការចេះយកអាសាគ្នា ការចែករលែក ការចូលរួមគុណតម្លៃសង្គម និងស្មារតីគោរពច្បាប់ ស្រលាញ់សន្តិភាព ក៏ដូចជាស្រលាញ់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ អំពើល្អ និងយុត្តិធម៌ សំដៅធានាបាននូវសិនិទ្ធភាពសង្គម (Social Cohesion សេចក្ដីស្និទ្ធស្នាល) និងសុខដុមរមនាសង្គម។
២៖ សប្បាយ៤យ៉ាងរបស់អ្នកបួស
* អាហារសប្បាយ
* សេនាសនសប្បាយ
* បុគ្គលសប្បាយ
* ធម្មសប្បាយ។
៣៖ និងធម៌មិនសាបសូន៧យ៉ាង
* ឧស្សាហ៍ប្រជុំគ្នារឿយៗ ដើម្បីជជែកប្តូរយោបល់គ្នា
* ត្រូវព្រមព្រៀងគ្នាប្រជុំតាមកាលកំណត់ ដោយទៀងទាត់
* មិនបញ្ញត្តឱ្យហួសព្រំដែនអំពីបទបញ្ជារបស់លក្ខន្តិកៈជាធរមាន
* អ្នកណាជាមេ ឬជាប្រធាន ត្រូវគោរពជឿស្តាប់អ្នកនោះ
* មិនលុះអំណាចនៃមហិច្ឆតា ដោយនាំឱ្យស្រវឹងពុលគំនិត
* ត្រេកអរចំពោះប្រយោជន៍ជាសាធារណៈរបស់ជាតិ
* ត្រូវតាំងចិត្តថា អ្នកណាជាអ្នក មានចិត្តត្រង់ចំពោះប្រយោជន៍ជាតិ និងជាអ្នកមានសីលធម៌ សុវជីវធម៌ ត្រូវសេពគប់រាប់រក លើកតម្កើងអ្នកនោះ ឱ្យជាអ្នកដឹកនាំកិច្ចការតទៅ៕