(ពោធិ៍សាត់)៖ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងលោក លឹម សុខតូ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះត្រួតពិនិត្យដំណើរការការងារគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធលូ, ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានទុកដាក់សំរាម ក្រុងពោធិ៍សាត់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ប្រតិភូធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) នាយករងរដ្ឋបាលសាលាខេត្ត គណៈអភិបាលក្រុង និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធជាច្រើននាក់ទៀត។

សូមជម្រាបជូនថា គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ធ្វើឡើងនៅខេត្តពោធិ៍សាត់ និងខេត្តផ្សេងទៀត សាងសង់ដោយក្រុមហ៊ុនគិរីដងរែក ដោយទទួលបានឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ថិតក្រោមការគ្រប់គ្រង និងអនុវត្តគម្រោងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយរដ្ឋបាលខេត្ត។

គម្រោងនេះ ត្រូវបានបែងចែក ជាអនុគម្រោងចំនួន២ គឺ៖

ទី១៖ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាម ដែលមានភាពទំនើប ផ្តោតលើការការពារបរិស្ថានជាចម្បង ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ត្រូវបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

និងទី២៖ អនុគម្រោងសាងសង់ប្រព័ន្ធលូរំដោះភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ត្រូវបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។

ចំពោះស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងក្រុងពោធិ៍សាត់ ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ៣ហិកតា ដែលអាចចម្រោះទឹកកខ្វក់ តាមបែបធម្មជាតិបាន២,៤០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ប្រព័ន្ធលូសម្រាប់រំដោះទឹកភ្លៀង និងទឹកកខ្វក់ ត្រូវបានសាងសង់ប្រព័ន្ធលូបេតុងថ្មី ជាង២៤គីឡូម៉ែត្រ ស្តារ និងជួសជុលប្រព័ន្ធលូចាស់ ជាង២៧គីឡូម៉ែត្រ និងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ បានជាង២០គីឡូម៉ែត្រ ផ្លូវបេតុងជិត២គីឡូម៉ែត្រ ស្ថាបនាខឿនផ្លូវ បានជាង២២គីឡូម៉ែត្រ ដាក់ផ្លាកសញ្ញាចរាចរណ៍ ៣៤២កន្លែង និងគំនូសចរាចរណ៍ ជាង៧ម៉ែត្រការ៉េ ស្តារ និងពង្រីកតួប្រឡាយ ជិត៣គីឡូម៉ែត្រ និងជួសជុលទំនប់ បាន១,៥០០ម៉ែត្រ។

ដោយឡែកទីលានទុកដាក់សំរាម ក្នុងក្រុងពោធិ៍សាត់ ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១៥,៥០ហិកតា ដោយបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗ មានក្រឡាផ្ទៃ ០,៧២ហិកតា (បណ្ដោយ៨៥ម៉ែត្រ ទទឹង៨៥ម៉ែត្រ និងជំរៅ០,៦៥ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាម បានចំនួន ១៤០.០០០ម៉ែត្រគីប។ គម្រោងនេះបានចំណាយថវិកាសាងសង់ប្រមាណ១,៦៧លានដុល្លារអាមេរិក ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល១៥ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣៧) សម្រាប់ប្រជាជនក្នុងក្រុងពោធិ៍សាត់ និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។

បច្ចុប្បន្នក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯ.ក បានដេញថ្លៃអនុវត្តន៍ ការផ្តល់សេវាសំអាត ប្រមូលដឹកជញ្ជូនទុកដាក់ និងកែច្នៃសំរាម សំណល់រឹងទីប្រជុំជន ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន យុទ្ធសាស្ត្រស្នូល “ភាពស្អាត បៃតង និងចីរភាព” ក្នុងគោលដៅប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ បម្រើជូនប្រជាជាតិកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើងកិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ៕