(ភ្នំពេញ)៖ ក្រុមហ៊ុន វ័នហ្វ្រេតធើនីធី និងមូលនិធិ២៥រៀល បានឧបត្ថម្ភទឹកពិសាវីតាល់ចំនួន២០០០កេស ដល់ប្រធានក្រុមការងារសម្រប សម្រួលដំណើរទស្សនកិច្ចដើម្បីប្រើប្រាស់ និងគាំទ្រដំណើរទស្សនកិច្ចនៅទិសឦសាន ដែលរៀបចំដោយរាជរដ្ឋាភិបាល ដែលគ្រោងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ នៅរៀងរាល់ថ្ងៃសៅរ៍ នៃសបា្តហ៍។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ច បានទទួលអំណោយពី វីតាល់ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានដោយមានការអញ្ជើញ ចូលរួមពីលោកលោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ចក្រុមហ៊ុន វ័នហ្វ្រេតធើនីធី តំណាងឲ្យក្រុមហ៊ុនទឹកពិសាវីតាល់។

លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណ និងកោតសសើរចំពោះ វីតាល់ ដែលមានលោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី ជាអគ្គនាយិកា តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល និងឧបត្ថម្ភគាំទ្រក្នុងដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី-រតនគិរី-និងខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ និងថ្ងៃបន្តបន្ទាប់ទៀត។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ដំណើរទស្សនកិច្ចទិសឦសានទៅកាន់តំបន់បណ្តោយព្រំដែន ដែលជាទស្សនៈកិច្ចមួយដ៏មានសារៈសំខាន់ដើម្បីផ្តល់ជូនដល់សាធារណជន បានជម្រាបពីស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្ត ជាប់ព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី- រតនគិរី និងខេត្តស្ទឹងត្រែង ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងឃើញដោយផ្ទាល់ពីកិច្ចការពារអធិតេយ្យជាតិ និងបូរណភាពទឹកដីដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើ និងមិនដែលព្រងើយកន្តើយទោះបីក្នុងវិនាទីណានោះឡើយ។

រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទិសឦសាននេះនឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹង ឃើញច្បាស់បន្ថែមទៀតអំពីកិច្ចការងារដែលរាជរដ្ឋាភិបាលបានធ្វើនៅកិច្ចការពារក្រវាត់ព្រំដែន តាមរយៈការ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតាមក្រវាត់ព្រំដែន ការបោះបង្គោលព្រំដែនជាមួយបណ្តាប្រទេសជិតខាង រួមទាំងការអភិវឌ្ឍនៅតំបន់ព្រំដែន ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការថែរក្សាបូរណភាពទឹកដីបានគង់វង្ស ដោយមិនឱ្យបាត់បង់ឡើយ សូម្បីតែមួយម៉ែត្រក្រឡា៕