(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ី ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ។

នៅក្នុងជំនួបពិភាក្សាការងារនេះបណ្ឌិតសភាចារ្យ សុខ ទូច និង លោកឯកអគ្គរាជទូតម៉ាឡេស៊ី បានឯកភាពគ្នាសិក្សាលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាចំនួន៣គឺ៖

១៖ ការសិក្សានិងស្រាវជ្រាវ ស្តីពីបញ្ហាប្រឈមរបស់ពលករកម្ពុជា ដែលធ្វើការនៅប្រទេសម៉ាឡេស៊ី
២៖ ការសិក្សាស្រាវជ្រាវអំពីវិស័យទេសចរណ៍
៣៖ ការផ្ដោតទៅលើវិស័យអាទិភាពដែលមានទិសដៅរួមគ្នាមួយចំនួនទៀត។

សូមជម្រាបថា ជំនួបពិភាក្សាការងារនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងប្រតិភូស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើននាក់៕