(ភ្នំពេញ)៖ ក្នុងខែសីហា ឆ្នាំ២០២៤ យុវជនចំនួនជិត ១៣០០០នាក់ បានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយផ្សេងៗគ្នាជាបន្តបន្ទាប់ ដែលរៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ សកម្មភាពផ្សព្វផ្សាយដែលបានផ្ដោតលើការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការទទួលស្គាល់ និងរៀនសូត្រពីអតីតកាលដ៏ខ្មៅងងឹតរបស់ខ្លួននេះ ត្រូវបានរៀបចំឡើងតាមទម្រង់ និងទីតាំងផ្សេងៗគ្នា ដើម្បីបង្ហាញជារួមអំពីលទ្ធផលរបស់អង្គជំនុំជម្រះ និងយុត្តិធម៌ ការផ្សះផ្សា និងការចងចាំ។
កម្មវិធីផ្សព្វផ្សាយនៅក្នុងខែសីហាកន្លងទៅនេះ ជាការបោះជំហ៊ានឆ្ពុះទៅមុខដ៏សំខាន់មួយរបស់ អ.វ.ត.ក. ក្នុងការលើកកម្ពស់ការយល់ដឹងឱ្យទូលំទូលាយអំពីសមិទ្ធផលរបស់អង្គជំនុំជម្រះ និងប្រវត្តិសាស្ដ្រដ៏ខ្មៅងងឹតរបស់កម្ពុជា។
សកម្មភាពទាំងនោះរួមមាន៖
* មជ្ឈមណ្ឌលធនធានចល័ត ឬរថយន្តក្រុងចល័តរបស់ អ.វ.ត.ក.៖ កម្មវិធីនេះ បានអប់រំអំពីកេរដំណែលរបស់អង្គជំនុំជម្រះដល់យុវជនប្រមាណ ៨២០០នាក់ នៅក្នុងវិទ្យាល័យមួយចំនួនក្នុងខេត្តព្រះសីហនុ។ រថយន្តក្រុង អ.វ.ត.ក. នេះ បានអប់រំសិស្សានុសិស្សអំពីសារៈសំខាន់នៃការជំនុំជម្រះក្ដីក្នុង អ.វ.ត.ក. និងការៀបចំឱ្យមានកិច្ចសន្ទនារវាងយុវជន និងជនរងគ្រោះពីរបបខ្មែរក្រហមអំពីយុត្តិធម៌ និងការផ្សះផ្សាគ្នា។
* ទស្សនកិច្ចសិក្សា៖ យុវជនច្រើនជាង ១៤០០នាក់ មកពីស្ថាប័នអប់រំផ្សេងៗ បានចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សាចំនួន៩លើករៀបចំដោយអង្គជំនុំជម្រះ ដើម្បីទស្សនកិច្ចមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងវិមានឈ្នះឈ្នះ។ ទស្សនកិច្ចសិក្សានេះ បានផ្ដល់នូវចំណេះដឹងស៊ីជម្រៅអំពីដំណើរការជំនុំជម្រះក្ដី គោលការណ៍ច្បាប់ និងប្រវត្តិសាស្ដ្រដ៏ឃោរឃៅរបស់ខ្មែរក្រហម។ ទស្សនកិច្ចនេះ ក៏ជួយឱ្យអ្នកចូលរួមទាំងអស់យល់ដឹងអំពីដំណើររបស់កម្ពុជាក្នុងការផ្សះផ្សារជាតិ និងការកសាងសន្ដិភាពផងដែរ។
* សកម្មភាពអប់រំនៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.៖ សិស្ស និស្សិត រួមនឹងអ្នកជំនាញបានចូលរួមនៅក្នុងកម្មវិធីធ្វើបទបង្ហាញដោយមន្ត្រី អ.វ.ត.ក. កិច្ចសន្ទនាអន្តរជំនាន់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាដើម។ កម្មវិធីនេះ បានផ្ដល់ជូនអ្នកដែលបានចូលរួមទាំងអស់ឱ្យបានយល់ដឹងយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ដ្រកម្ពុជានិងដំណើរការដោះស្រាយបញ្ហាអតីតកាលទាំងនោះ។
លោក ក្រាញ់ តូនី សម្ដែងក្ដីរីករាយចំពោះលទ្ធផលដែលទទួលបាននៅក្នុងសកម្មភាពរបស់មជ្ឈមណ្ឌលធនធាននៅក្នុងខែសីហាកន្លងទៅនេះ ដោយលោកបានបញ្ជាក់ថា សកម្មភាពទាំងនេះមានសារៈសំខាន់ណាស់ក្នុងការអប់រំយុវជនជំនាន់ក្រោយ ដែលមិនបានឆ្លងកាត់របបឃោរឃៅនោះ ចងចាំប្រវត្តិសាស្ត្រ និងយល់ដឹងពីយុត្តិធម៌អន្ដរកាល។ លោកបន្ដថា សកម្មភាពទាំងអស់នេះបានឆ្លុះបញ្ចាំងសារៈសំខាន់នៃសមិទ្ធិផលរបស់អង្គជំនុំជម្រះ ក្នុងការផ្តល់នូវការទទួលខុសត្រូវ និងតម្រូវការបន្តសម្រាប់ការអប់រំ និងកិច្ចសន្ទនា ដើម្បីទប់ស្កាត់អំពើឃោរឃៅនាពេលអនាគត។
លោកបានបញ្ជាក់ថា «សកម្មភាពនៅក្នុងខែសីហាកន្លងទៅនេះ បានឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ដ៏ច្រើនក្នុងការរក្សាកេរ្តិ៍ដំណែលរបស់សាលាក្តី ការស្វែងរកយុត្តិធម៌ និងការផ្សះផ្សាជាតិ។ វាក៏បញ្ជាក់ពីតួនាទីនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការព្យាបាលផ្លូវចិត្ត និងឆ្ពោះទៅខាងមុខនៃស្រមោលអតីតកាលដ៏ឈឺចាប់ផងដែរ»។
លោកបន្ថែមថា ការចូលរួមរបស់យុវជនប្រមាណ ១៣០០០នាក់ ក្នុងសកម្មភាពរបស់ អ.វ.ត.ក. ក្នុងខែសីហានេះ បានបង្ហាញពីទឹកចិត្តរួមក្នុងការស្វែងយល់ និងដោះស្រាយនូវកេរដំណែលអយុត្តិធម៌ក្នុងអតីតកាល។ កិច្ចខិតខំប្រឹងប្រែងទាំងនេះដើរតួនាទីយ៉ាងសំខាន់ដើម្បីធានាថាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ ចងចាំ និងរៀនសូត្រ ដើម្បីជាការត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ត្រឹមត្រូវ។
សូមបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្ដើមអនុវត្តមុខងារសេសសល់នៅឆ្នាំ២០២៣មក សាធារណជនច្រើនជាង ៦៩០០០នាក់ បានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយរបស់ អ.វ.ត.ក. ខណៈដែលមនុស្សសរុបច្រើនជាង ៦៧៤ ០០០នាក់ ចាប់តាំងពីឆ្នាំ២០០៩ មកពីតំបន់ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា និងជនបរទេស បានចូលរួមក្នុងកម្មវិធីរបស់អង្គជំនុំជម្រះ ដើម្បីស្វែងយល់អំពីដំណើរការជំនុំជម្រះក្ដីលើអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និងប្រវត្តិសាស្ដ្រដ៏ឃោរឃៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ត្រូវបានបង្កើតឡើងដើម្បីជំនុំជម្រះក្ដីលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១០៧៩។ អ.វ.ត.ក. បានបញ្ចប់ដំណើរការនីតិវិធីទាំងស្រុងនៅចំពោះមុខអង្គជំនុំជម្រះនៅឆ្នាំ២០២២ ហើយស្ថាប័ននេះ បាននឹងកំពុងអនុវត្តមុខងារសេសសល់ក្នុងដំណាក់កាលដំបូងរយៈពេលបីឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ មុខងារសេសសល់ទាំងនេះរួមបញ្ចូលការត្រួតពិនិត្យការអនុវត្តន៍ទោសទណ្ឌិត ការការពារសាក្សី និងជនរងគ្រោះ ការថែរក្សា ការអភិរក្ស និងការគ្រប់គ្រងបណ្ណសារ អ.វ.ត.ក. និងការផ្សព្វផ្សាយព័ត៌មានដល់សាធារណជន ក៏ដូចជាការត្រួតពិនិត្យការអនុវត្តសំណងដែលផ្តល់ដល់ដើមបណ្តឹងរដ្ឋប្បវេណី៕