(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក ហ៊ាង សុទ្ធាយុត្តិ ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

មុនទទួលបានការតែងតាំងនេះ លោក ហ៊ាង សុទ្ធាយុត្តិ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ហ៊ាង សុទ្ធាយុត្តិ គឺជាបញ្ញវន្តខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សាបរិញ្ញា​បត្រវិទ្យា​សាស្ត្រ​កុំព្យូទ័រ និងអនុបណ្ឌិតព័ត៌មានវិទ្យា។ លោកធ្លាប់បានបំពេញការងារជាទីប្រឹក្សាបច្ចេកទេស​ក្រសួង​ផែនការ វិទ្យាស្ថានជាតិស្ថិតិនាឆ្នាំ២០១០ ក្នុងក្របខណ្ឌអង្គការស្ថិតិពិភពលោក (UNSD)។ លោកក៏ធ្លាប់បានបំពេញការងារទីប្រឹក្សាបច្ចេកទេសរៀបចំប្រព័ន្ធឧត្តមសិក្សា និងអាហារូបករណ៍ ក្រសួងអប់រំ ពីឆ្នាំ២០១០ ដល់ ២០១១។

លោក សុទ្ធាយុត្តិ ក៏ធ្លាប់បានធ្វើជាទីប្រឹក្សាបច្ចេកទេសប្រព័ន្ធប្រមូលទិន្នន័យ និងប្រឡងបាក់ឌុបពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៤ ដែលជាពេលវេលានៃការធ្វើកំណែទម្រង់ប្រឡង​បាក់ឌុបដែល​ចាប់ពីឆ្នាំ២០១៣ ក្រោយពេលលោក ហង់ជួន ណារ៉ុន ចូលមកកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លោក ហ៊ាង សុទ្ធាយុត្តិ ត្រូវបានគេដឹងថា ជាបុគ្គលដ៏សំខាន់មួយរូបនៅពីក្រោយការធ្វើទំនើបកម្ម​សេវា​សាធារណៈ​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនីតិកាលទី៦ ដឹកនាំដោយលោក ស៊ុន ចាន់ថុល។ ការធ្វើទំនើបកម្មសេវាសាធារណៈផ្សារភ្ជាប់នឹងបញ្ចេកវិទ្យានេះ ទទួលបានការគាំទ្រ​ខ្លាំងពីប្រជាពលរដ្ឋ។

សេវាសាធារណៈផ្សារភ្ជាប់នឹងបច្ចេកវិទ្យាដែលសម្រេចបាននោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្ម រួមមាន ឆៀករថយន្ត ចុះបញ្ជីយានយន្ត ប្រឡងទ្រឹស្តីនៃការបើកបរ ដាក់ពាក្យ និងប្រឡងយកបណ្ណបើកបរ។

នៅដើមឆ្នាំ២០១៨ លោក ហ៊ាង សុទ្ធាយុត្តិ ក៏បានរៀបឱ្យមានយន្តការបច្ចេកវិទ្យាភ្ជាប់ការផ្ទៀងផ្ទាត់ ទិន្នន័យគល់បញ្ជី​ពន្ធ​នាំ​ចូលយានយន្ត លុបបំបាត់ការប្រើប្រាស់ពន្ធក្លែងក្លាយចុះបញ្ជី បង្កើនចំណូលមិនមែន​សារពើ​ពន្ធ និងពន្លឿននីតិវិធីសេវាបានលឿនរហ័ស។

នៅខែ១២ ឆ្នាំ២០១៨ ក្នុងនាមជាមន្ត្រីជំនាញទទួលបន្ទុកផ្នែកបច្ចេកវិទ្យានៅក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានរៀបចំកម្មវិធីថែទាំផ្លូវ Road Care Mobile App ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាចធ្វើការរាយការណ៍ពីជង្ហុកសំបុកមាន់ ពីមូលដ្ឋាន ទៅមន្ត្រីចុះជួសជុល ឱ្យបានទាន់​ពេលវេលា។

ក្រៅពីសមិទ្ធផលដូចបានបង្ហាញខាងលើនេះ ក្នុងអាណត្តិការងារជាមន្ត្រីជំនាញបច្ចេកវិទ្យានៅក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនីតិកាលទី៦ លោក ហ៊ាង សុទ្ធាយុត្តិ បានបង្កើតនូវសមិទ្ធផលបច្ចេកវិទ្យាជាច្រើនទៀត ជួយកាត់បន្ថយភាពស្មុគស្មាញ និងពន្លឿនការងារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ សមិទ្ធផលទាំងនោះមានដូចជា៖

* នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដាក់ដំណើរប្រព័ន្ធផ្ទេរកម្មសិទ្ធយានយន្ត ដែលសម្រួល នីតិវិធី បង់ពន្ធដារប្រថាប់ត្រា និងសេវាផ្ទេរកម្មសិទ្ធិរួមគ្នា ពន្លឿននីតិវិធី និងពង្រឹងការ ប្រមូលចំណូលពន្ធ មធ្យោបាយ។

* នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ បានរៀបចំដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីលេខពិសេស​ផ្ទាល់​ខ្លួន លេខកម្ពុជា ផ្តល់ជម្រើសសំបូរបែប និងប្រមូលចំណូលមិនមែនសារពើពន្ធបានច្រើនជូនជាតិ។

* ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដាក់ដំណើរប្រព័ន្ធផ្ទេរកម្មសិទ្ធយានយន្ត ដែលសម្រួលនីតិវិធី​បង់​ពន្ធដារប្រថាប់ត្រា និងសេវាផ្ទេរកម្មសិទ្ធិរួមគ្នា ពន្លឿននីតិវិធី និងពង្រឹងការប្រមូល​ចំណូលពន្ធ​មធ្យោ​បាយ។

* ឆ្នាំ២០២១ បានរៀបចំដាក់ដំណើរការទូទាំងប្រទេសប្រព័ន្ធកាត់ពិន្ទុ និងផាកពិន័យ បទល្មើស​អន្តរការ​ស្តីពីចារាចរណ៍ផ្លូវគោក ពង្រឹងការអនុវត្តច្បាប់ និងសណ្តាប់ធ្នាប់សារធារណៈ កាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍។

* ខែតុលា ឆ្នាំ២០២២ រៀបចំប្រព័ន្ធគ្រប់គ្រងទូទាត់ប្រាក់ចេញចូលផ្លូវល្បឿនលឿន ផ្ទៀងផ្ទាត់​ព័ត៌មាន​យានយន្ត គិតកម្រៃសេវាស្វ័យប្រវត្ត កាត់បន្ថយការកកស្ទះ ជំរុញការប្រមូលចំណូលក្រុម​ហ៊ុនផ្តល់សេវាក្តីទុកចិត្តដល់វិនិយោគិនបណ្តាក់ទុននៅកម្ពុជា ជាពិសេសវិនិយោគិនចិន។

* រៀបចំរចនាសម្ព័ន្ធតម្លើង នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ទៅជាអគ្គនាយក ដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ចំណុះក្រសួងសាធារណការ ដោយទទួលបានសេចក្តី ទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពនេះកន្លងមក៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី៖