(ភ្នំពេញ)៖ ទូរហ្គេមប្រភេទបាញ់ត្រី និងហ្គេមបៀរចំនួន៥៧ទូរ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងលោក ប៉ាង លីដា ជាអភិបាលរងខណ្ឌ រួមទាំងមន្រ្តីសាលាខណ្ឌ បានធ្វើពិធីវាយកម្ទេចចោល ដើម្បីឈានទៅដល់ការលុបបំបាត់ឲ្យអស់ហ្គេមស៊ីសង គ្រប់ប្រភេទនៅក្នុងមូលដ្ឋានខណ្ឌ សំដៅធ្វើយ៉ាងណាឲ្យភូមិ-សង្កាត់ មានសុវត្ថិភាព។
ការវាយកម្ទេចនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ទូហ្គេមទាំងអស់នេះ រួមមាន ទូហ្គេមបាញ់ត្រី១២ទូរ និងហ្គេមបៀរ ៤៥ទូរ ដែលទូរហ្គេមទាំងនេះ បានមកពីការបង្ក្រាបនាពេលកន្លងមក។
លោក ឯក ឃុនដឿន លើកឡើងថា ដើម្បីលុបបំបាត់ល្បែងស៊ីសង ក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរនោះ ហើយទូហេ្គមទាំង៥៧ទូរនេះ ត្រូវបានរឹបអូសពីកន្លែងធើ្វអាជីវកម្មខុសច្បាប់ ជាច្រើនកន្លែង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ខណៈដែលពួកគេលួចបើកលេងទាំងយប់ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាត។ លោកអភិបាលខណ្ឌ បញ្ជាក់ថា «នៅពេលខាងមុខនេះ ការបង្ក្រាបទូរហ្គេម ទោះបីមានចំនួនប៉ុន្មានក៏ដោយ បើចាប់បាននៅផ្ទះណាហើយនោះ គឺកម្លាំងរបស់យើងឃ្លុំបេ ដោយរក្សាទូរហ្គេមទាំងនោះនោះក្នុងផ្ទះតែម្តង»។
គួររំលឹកផងដែរ ទូហេ្គមទាំងនេះ គឺជាប្រភេទហេ្គមល្បែងស៊ីសង ដែលធើ្វបង្វក់សិស្សានុសិស្ស និងយុវវ័យមួយចំនួន លះបង់ការសិក្សាចូលទៅលេងហេ្គម ទាំងនោះដែរបំផ្លាញលុយ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាល និងបង្កើតជាអំពើលួច ឆក់ ប្លន់ ដែរបង្កអសន្ដិសុខសង្គមជាដើម៕