(កណ្តាល)៖ លោកស្រី ស្រ៊ុន ស្រីនាង ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ពិធីនេះ ក៏មានការចូលរួមពីលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្ត ព្រមទាំងអភិបាលក្រុង-ស្រុក កម្លាំងមានសមត្ថកិច្ច និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។

ថ្លែងក្នុងពិធីនេះ លោក គួច ចំរើន បានស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្ដៅចំពោះ លោកស្រី ស្រ៊ុន ស្រីនាង ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត និងតែងតាំងជា អភិបាលរងខេត្តកណ្ដាល ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលខេត្តកណ្តាល ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

លោកបានគាំទ្រ និងលើកទឹកចិត្ត ដល់លោកស្រី ស្រ៊ុន ស្រីនាង ត្រូវយកចិត្តទុកដាក់បន្ថែមទៀត អនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំ ប្រគល់ជូនប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម ការអភិវឌ្ឍ និងពង្រឹង ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវ អភិក្រម របស់សម្តេចតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

ជាមួយគ្នានេះ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសង្ឃឹមយ៉ាងមុតមាំថា លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តថ្មី ដែលទទួលបានការតែងតាំងនាឱកាសនេះ នឹងប្រើប្រាស់នូវចំណេះដឹង ជំនាញ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៍ការងារ រួមសាមគ្គីជាធ្លុងមួយ ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ក្នុងការបង្កើតស្នាដៃ សមិទ្ធផលថ្មីៗ ជួយកសាងអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។

លោក អ៊ុំ ម៉ារ៉ា បានផ្ដាំផ្ញើលោកស្រីអភិបាលរងខេត្តថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ច ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងឱកាសនោះ លោកក៏បានស្នើសុំឲ្យប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គាភាពទាំងអស់ សូមចូលរួមសហការជាមួយអភិបាលរងខេត្តថ្មី ដើម្បីរួមគ្នាកែលម្អ កែតម្រូវទៅតាមតម្រូវការក្នុងការចូលរួមបំពេញការងារ ជំរុញការកែលម្អសេវាសាធារណនៅតាមមូលដ្ឋាន ជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល៕