(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយប្រើប្រាស់វិធានញុះញង់ និងឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្ដបន្ទាប់ ដកហូតបានថ្នាំញៀនសរុបប្រមាណ២គីឡូក្រាម។
ប្រតិបត្តិការនេះធ្វើឡើងនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកបាធាយ ឃាត់ខ្លួនជំហានដំបូងបានជនសង្ស័យម្នាក់ ឈ្មោះ ភុំ សុផល អាយុ៤៤ឆ្នាំ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ដកហូតបានម្សៅក្រាមពណ៌ស ចំនួន១១កញ្ចប់។
លុះរហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបន្តទៅសហការជាមួយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងជំនាញ នៃស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត ឈ្មោះ មឹង ប៊ុនកក្កដា អាយុ៤២ឆ្នាំ (ដកហូតបានម្សៅក្រាមពណ៌ស ចំនួន៩កញ្ចប់), ឈ្មោះ ធី ម៉ៅ អាយុ៣៦ឆ្នាំ (ដកហូតបានម្សៅក្រាមពណ៌ស ចំនួន៤កញ្ចប់ តូច២កញ្ចប់, ធំ២កញ្ចប់) និងឈ្មោះ ផាន សៀងហេង អាយុ៤៧ឆ្នាំ។
ជារួមក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនសរុបចំនួន៤នាក់ និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន២៤កញ្ចប់ (ប្រមាណ២គីឡូក្រាម) និងទូរស័ព្ទដៃចំនួន៤គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចបានបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកបាធាយ ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីបន្ដ៕