(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលកំពុងបម្រើការងារនៅខេត្តព្រះសីហនុ ត្រូវចូលរួមសហការ និងរាយការណ៍បន្ទាន់មកសមត្ថកិច្ចជំនាញ ពិសេសសមត្ថកិច្ចមូលដ្ឋាន ក្នុងករណីសង្ស័យថា នៅទីតាំងដែលខ្លួនកំពុងបម្រើការងារមានបទល្មើសកើតឡើង សំដៅទប់ស្កាត់ បង្ការ និងឈានដល់ការបង្ក្រាបឲ្យបានទាន់ពេលវេលា។
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៤ នៅខេត្តព្រះសីហនុ ដែលមានសិក្ខាកាមចូលរួមចំនួន២២០រូប ស្រី៤រូប ដែលមកពីគ្រឹះស្ថានឯកជន ចំនួន៦៣ និងក្រុមហ៊ុនផ្តល់សេវាកម្ម ចំនួន ២៩ក្រុមហ៊ុន ទូទាំងខេត្តព្រះសីហនុ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានក្រើនរំលឹក ក៏ដូចជាអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបង្កើននូវកិច្ចសហការល្អ ហើយអាចរាយការណ៍គ្រប់ប្រភេទនៃបទល្មើស ដូចជា ករណីគ្រឿងញៀន ជួញដូរមនុស្ស ការប្រើប្រាស់អាវុធខុសច្បាប់ ក្មេងទំនើង ចោរកម្ម។ លោកជឿជាក់ថា ប្រសិនបើភ្នាក់ងារសន្ដិសុខឯកជន ដែលឆ្លងកាត់វគ្គបំប៉នជំនាញនេះ បង្កើននូវកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងករណីសង្ស័យមានអំពើល្មើសណាមួយដែលអាចកើតឡើង ច្បាស់ណាស់បទល្មើសនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ នឹងកាន់តែមានការថយចុះ។
លោកបន្ដថា បច្ចុប្បន្នមានក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន សហគ្រាស និងគ្រឹះស្ថាន ដែលជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនមួយចំនួន នៅមានភាពខ្វះចន្លោះជាច្រើន ដូចជា ការគ្រប់គ្រងប្រព័ន្ធបច្ចេកទេស សំភារៈ និងការ ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ដែលកត្តាទាំងអស់នេះ ធ្វើឲ្យជនខិលខូច និងឧក្រិដ្ឋជនមួយចំនួន បានជ្រកកោណក្រោមគ្រឹះស្ថានភ្នាក់ងារសន្តិសុខឯកជន ហើយ ប្រព្រឹត្តបទល្មើស ឬសមគំនិតប្រព្រឹត្តបទល្មើផ្សេងៗ។
លោកសង្កត់ធ្ងន់ថា ការងារសន្តិសុខឯកជននេះ ពិតជាមានសារៈសំខាន់ណាស់ ដែលម្ចាស់គោលដៅ និងអតិថិជន ក៏ដូចជាប្រជា ពលរដ្ឋទូទៅទុកចិត្តបំផុត ព្រោះភ្នាក់ងារសន្តិសុខឯកជននៅផ្ទាល់ជាមួយពួកគាត់ ក្នុងការ ការពារសន្តិសុខ សុវត្ថិភាពផ្ទាល់តែម្តង។ បើយើងមិនអាចគ្រប់គ្រងលើការងារនេះបានទេវាអាចបង្កហានិភ័យ តាមបណ្ដាគោលដៅនានា ដែលងាយរងគ្រោះ ដូចជា៖ ធនាគារ សណ្ឋាគារ កាស៊ីណូ, ក្លឹបកំសាន្ត និងកន្លែងផ្សេងៗទៀត។
បើតាមលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ, ក្នុងវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជននេះ មានមុខវិជ្ជាចំនួន៨ រួមមាន៖ មេរៀនស្តីពី តួនាទី ភារកិច្ចភ្នាក់ងារសន្តិសុខឯកជន, មេរៀនស្តីពី កិច្ចសហការរវាងភ្នាក់ងារសន្តិសុខឯកជន ជាមួយសម្ថកិច្ច មូលដ្ឋាន, មេរៀនស្តីពី វិធីសាស្រ្តការពារគោលដៅ, មេរៀនស្តីពី ការការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុរបស់ភ្នាក់ងារ សន្តិសុខឯកជន, មេរៀនស្តីពី ការពិនិត្យ និងកន្លែងវិភាគកន្លែងកើតហេតុ, មេរៀនស្តីពី ការស្វែងយល់អំពីបទល្មើស និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់ ភ្នាក់ងារសន្តិសុខឯកជន, មេរៀនស្តីពី វិធានការ បង្ការការពន្លត់អគ្គិភ័យ និងការជម្លៀសខ្លួនចេញ ពីអគ្គិភ័យ និងមេរៀនស្តីពី ឧបសម្ព័ន្ធ សញ្ញាចរាចរណ៍ផ្លូវគោក។
លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នវិស័យសន្តិសុខឯកជន មានការរីកចម្រើនយ៉ាងខ្លាំង ដែលស្របនឹងប្រទេសកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយវិស័យសន្តិសុខឯកជននេះដែរ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមទីសាធារណៈ ក៏ដូចជាស្ថាប័នឯកជនផងដែរ។ ភ្នាក់ងារ សន្តិសុខឯកជន ជាកម្លាំងជំនួយមួយដល់កម្លាំងនគរបាលជាតិ ដែលពួកគាត់ជា អ្នកនៅការពារផ្ទាល់ និងឈរជើងនៅតាមគោលដៅ ២៤ម៉ោង លើ២៤ម៉ោង៕