(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍ចោមចៅ ឃាត់ខ្លួននាំទៅសាកសួរ និងធ្វើការអប់រំបន្ទាប់ពី យុវជនរូបនោះ បានលាក់ដាវមួយដើម នៅក្នុងកែបម៉ូតូ ទៅលេងសង្សារដែលជា កម្មការិនីរោងចក្រកាត់ដេរ ប៉ុន្តែចំថ្ងៃស៊យ បានជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូជ្រុលទៅបុក ពីក្រោយម៉ូតូឌុបមួយគ្រឿងទៀត បណ្ដាលឲ្យដួលបោកទៅលើថ្នល់ រងរបួសស្រាលទាំងសងខាង ប៉ុន្តែអ្វីដែលបង្កឲ្យ មានការភ្ញាក់ផ្អើលនោះ គឺបន្ទាប់ពីដួលបានជ្រុះដាវចេញពីក្នុងកែបម៉ូតូ មកលើថ្នល់ទើបត្រូវនគរបាលឃាត់ខ្លួនតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នៅ តាមផ្លូវវ៉េងស្រេង ត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនដែលសមត្ថកិច្ចឃាត់ខ្លួន ខាងលើនោះ ឈ្មោះ ផុន ហឿន អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាក​ Honda Wave ពណ៌ស្លែ ពាក់ស្លាកលេខកំពង់ស្ពឺ1B-3294។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ​គេឃើញបុរសម្នាក់ ជិះម៉ូតូ​ក្នុងទិសដៅពីលិចទៅកើត ហើយបានជ្រុលទៅបុក ពីក្រោយម៉ូតូម៉ាក Honda Dream C១២៥មួយគ្រឿង ដែលឌុបបុរសជនជាតិចិនម្នាក់ពីក្រោយផង បណ្ដាលឲ្យដួលរងរបួសទាំងអស់គ្នា។ មិនតែប៉ុណ្ណោះ បុរសនោះបានជ្រុះដាវពីក្នុងម៉ូតូនោះ បង្កឲ្យមានការភ្ញាក់ផ្អើល ទើបនគរបាលចុះទៅឃាត់ខ្លួន នាំយទៅប៉ុស្ដិ៍ ធ្វើការសាកសួរ និងអប់រំ ហើយភាគីអ្នករត់ឌុបបានទារសំណង៥០០ដុល្លារ ប៉ុន្តែយុវជននោះគ្មានលទ្ធភាពនោះឡើយ៕