(កំពង់ឆ្នាំង)៖ អាជ្ញាធរស្រុកទឹកផុស ធ្លាប់បានចេញសេចក្តីជូនដំណឹងដល់អាជីវករលក់ដូរនៅក្នុងផ្សាររមាស ក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ដោយត្រូវឲ្យលក់ដូរក្នុងផ្សារជាធម្មតាវិញត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ជាកំហិត និងមិនត្រូវបន្តលក់ដូរនៅតាមសំយាបផ្ទះគេទៀតឡើយ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈនោះទេ។
ពាក់ព័ន្ធករណីដែលអាជ្ញាធរកំណត់ឱ្យអាជីវករលក់ដូរនៅផ្សារមាស ចូលទៅលក់ដូរក្នុងផ្សារជាធម្មតាវិញខាងលើនេះ ក៏មានបងប្អូនអាជីវករមួយចំនួនតូចបន្តស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចដោយសុំបន្តលក់ដូរ នៅខាងក្រៅផ្សារដដែល ដែលពួកគាត់សំអាងទៅលើហេតុផលថា បើឱ្យពួកគាត់ចូលទៅលក់ខាងក្នុងផ្សារវិញ គឺលក់មិនដាច់នោះទេ ហើយម្យ៉ាងបច្ចុប្បន្នពួកគាត់កំពុងមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាពិសេសជំពាក់លុយ ធនាគារទៀតផងនោះបើសិនជាអាជ្ញាធរឱ្យពួកគាត់ទៅលក់នៅខាងក្នុងផ្សារប្រាកដណាស់ គឺលក់មិនដាច់ឡើយហេតុនេះពួកគាត់នៅតែទទូ ចស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចដោយសុំបន្តលក់នៅខាងក្រៅផ្សារ ដូចមុនដោយក្តីអនុគ្រោះ។
លោក ម៉ូត នូរ៉ាវី អភិបាលរងស្រុកទឹកផុស បញ្ជាក់ឱ្យដឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ថា ករណីដែលអាជ្ញាធររៀបចំឱ្យអាជីវករចូលលក់ដូរក្នុងផ្សារឡើងវិញនេះ គឺអាជ្ញាធរបានជូនដំណឹងជាញឹកញាប់ ជាចុងក្រោយ អាជ្ញាធរបានទុកឱសានវាទឱ្យពួកគាត់រយៈពេល១០ថ្ងៃកន្លងមកហើយ តែពួកគាត់មួយចំនួនតូច មិនទាន់បានចូលលក់ដូរទៅ តាមការកំណត់របស់អាជ្ញាធរទើបថ្ងៃនេះ គឺជាថ្ងៃកំណត់ដែលសមត្ថកិច្ចត្រូវប្រើប្រាស់ កម្លាំងចម្រុះដើម្បីនឹងចុះអនុវត្តវិធានការណ៍នេះជាផ្លូវការ។
បន្ទាប់ពីជូនដំណឹងរយៈពេល ១០ថ្ងៃកន្លងមកនោះ ដើម្បីឱ្យបងប្អូនអាជីវកចូលទៅលក់តាមតូបរៀងៗខ្លួន នៅក្នុងផ្សារវិញជាការចូលរួមរក្សានូវសោភ័ណភាពក្នុងផ្សារក៏ដូចជារៀបចំរបៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈឱ្យមានភាពល្អប្រសើរ។
អភិបាលរងស្រុក បានបញ្ជាក់ថា កិច្ចការងារនេះ ក្នុងគោលបំណងសំខាន់ គឺរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពរបៀបរៀបរយលើផ្លូវសាធារណៈឱ្យបានល្អប្រសើរប្រកបដោយផាសុខភាព និងជាការប្រឡងប្រណាំងបរិស្ថានស្អាត ទីប្រជុំជនស្អាត អនាម័យល្អ។ ជាមួយគ្នានេះក្នុងនាមអាជ្ញាធរសូមអំពាវនាវឱ្យអាជីករមានការចូលរួមសហការអនុវត្តតាមការណែនាំរបស់រដ្ឋបាលស្រុកទាំងអស់គ្នា ផ្លាស់ប្តូរទីតាំងលក់ដូរមកខាងក្នុងផ្សារវិញ ចៀសវាងការកកស្ទះ ចរាចរណ៍គ្រាដែលបងប្អូនអាជីវករលក់ដូរនៅផ្សាររមាស បានយកផ្លូវសាធារណៈលក់ដូរធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងចោលសំរាមដែលមានភាពមិនល្អធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងអនាម័យ។
លោកអភិបាលរងស្រុកទឹកផុស បានសំណូមពដល់បងប្អូនអាជីវកទាំងអស់ ត្រូវចូលរួមជាមួយអាជ្ញាធដើម្បីរួមគ្នាថែរក្សាសោភ័ណភាពផ្សារ អនាម័យល្អ និងបរិ ស្ថានល្អ ក្នុងនោះលោកបានបញ្ជាក់ទៀតថា អ្នកដែលនៅសេសសល់ ទាំងប៉ុន្មានអាជ្ញាធរសុ្រកជាមួយនឹងគណៈកម្មការផ្សារនៅតែបន្តរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ហើយអ្នកលក់ដូរនៅតាមផ្ទះទាំងអស់ត្រូវចូលមកលក់ក្នុងផ្សារវិញ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍តាមផ្លូវសាធារណៈ។
កន្លងមកស្រុកបានណែនាំជាច្រើនលើកច្រើនសារមកហើ យដោយបានអង្វរស្នើសុំឱ្យពួកគាត់ចូលរួមរៀបចំសណ្ដាប់ធ្នាប់ជាមួយនឹងអាជ្ញាធរ ហើយនេះគឺជាលើកចុងក្រោយហើយ សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលអាជ្ញាធរមានវិធានការយ៉ាងម៉ឹងម៉ាត់ដោយត្រូវតែឱ្យបងប្អូនធ្វើយ៉ាងណាចូលលក់ដូរក្នុងផ្សារវិញជាកំហិតព្រោះថា បងប្អូនមានតូបលក់ដូរក្នុងផ្សារហើយ តែបងប្អូនមិនព្រមចូលទៅលក់ដូរ តាមការរៀបចំរបស់ រដ្ឋបាលស្រុកនោះឡើយ។
ការរៀបចំសណ្ដាប់ធ្នាប់ក្នុងផ្សាររមាស ក្នុងស្រុកទឹកផុសខាងលើនេះដែរ ក៏មានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារភាគច្រើនលើសលុប ដែលគាំទ្រឱ្យអាជ្ញាធររៀបចំនូវសោភ័ណភាព និងសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងផ្សារ ដើម្បីទទួលបានបរិស្ថានល្អ ផ្ដល់នូវផាសុខភាពដល់ប្រជាពលរដ្ឋលក់ដូរក្នុងផ្សារក៏ដូចជាប្រជាពលរដ្ឋរស់នៅជុំវិញផ្សារផងដែរ៕